ខេត្តឧត្តរមានជ័យ – លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា«ពិភាក្សាជាមួយយុវជនខេត្តឧត្តរមានជ័យ» នៅសាលាខេត្តឧត្ដរមានជ័យ។

ការប្រជុំនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាជន និងយុវជនចំនួនជាង ៥០១ នាក់។ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើដំណើរមកពីភ្នំពេញ ដើម្បីជួបជាមួយយុវជនដែលរងផលប៉ះពាល់ផ្ទាល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្នុងពិធីបើកកម្មវិធី លោកបណ្ឌិតបាននាំមកនូវសារស្នេហាជាតិ និងការសាកសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់យុវជនទាំងអស់។ លោកក៏បានសម្ដែងការកោតសរសើរចំពោះសមិទ្ធផលដែលខេត្តឧត្ដរមានជ័យបានសម្រេចក្រោមការដឹកនាំរបស់លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត។

វេទិកានេះបានបើកឱកាសឱ្យយុវជនបង្ហាញមតិយោបល់ សំណួរ និងកង្វល់ផ្ទាល់របស់ពួកគេចំពោះបញ្ហាសំខាន់ៗជាច្រើន រួមមាន៖ ស្ថានភាពនយោបាយក្នុងប្រទេស ជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ហាពុករលួយ ការឆបោកតាមអនឡាញ គ្រឿងញៀន ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងតម្លៃប្រេងឡើងថ្លៃ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះយ៉ាងក្បោះក្បាយ និងផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច រួមមានការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការយល់ដឹងពីគោលនយោបាយការពារបូរណភាពទឹកដី និងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។

លោកបានដាស់តឿនពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការឃោសនារបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្ដាញសង្គមដើម្បីវាយប្រហាររាជរដ្ឋាភិបាល។

ក្នុងពេលបិទកម្មវិធី លោកបានស្នើឱ្យគណៈកម្មាធិការបក្សគ្រប់ថ្នាក់រៀបចំវេទិកាបែបនេះទៅតាមក្រុង-ស្រុកទាំង៥ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលឱ្យបានទូលំទូលាយ។ ការប្រជុំបានបញ្ចប់ដោយជោគជ័យ និងបានបង្កើតឱកាសឱ្យយុវជនបង្ហាញមតិយោបល់របស់ពួកគេយ៉ាងសេរី។
