
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រថយន្តក្រុងសាធារណៈ (City Bus) បានដំណើរការជាប់លាប់ចាប់តាំងពីឆ្នាំ២០១៤ ដោយមានចំនួន១៤ខ្សែរត់ និងរថយន្តសរុប២៥៧គ្រឿង។

សេវាកម្មនេះដំណើរការពីម៉ោង០៥:៣០នាទីដល់ម៉ោង២០:៣០នាទី លើកលែងតែខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) ដែលដំណើរការរហូតដល់ម៉ោង២៣:៣០នាទី។

តម្លៃសំបុត្រមានត្រឹមតែ១,៥០០រៀលក្នុងម្នាក់ ដែលជួយសន្សំសំចៃការចំណាយប្រចាំថ្ងៃយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេស ក្រុមអ្នកដំណើរដូចជា ព្រះសង្ឃ មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ-កម្មការី កុមារ (កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព មិនត្រូវបង់ថ្លៃឡើយ។

សេវារថយន្តក្រុងសាធារណៈមិនត្រឹមតែជួយសន្សំសំចៃប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានផងដែរ។ ការគាំទ្រពីប្រជាពលរដ្ឋក៏កើនឡើងជាបន្តបន្ទាប់ដែរ។

ខ្សែរត់ទាំង១៤ខ្សែបានគ្របដណ្តប់តំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ដោយផ្តល់សេវាដឹកជញ្ជូនដ៏ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។

