ស្របពេលតម្លៃប្រេងកំពុងហូរឡើងខ្ពស់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសជាច្រើនរួមទាំងចិន បញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីជួយបើកច្រកដ៏សំខាន់នេះឡើងវិញ។

ក្នុងសារដែលបានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានសរសេរយ៉ាងច្បាស់ថា៖ «មិនថាដោយវិធីណាក៏ដោយ យើងនឹងធ្វើឲ្យច្រកសមុទ្រ Hormuz បើកចំហ មានសុវត្ថិភាព និងមានសេរីភាព ក្នុងពេលឆាប់ៗនេះឲ្យបាន»។
តាមសំណេររបស់ប្រធានាធិបតីអាមេរិក លោកសង្ឃឹមថា ប្រទេសជាច្រើនរួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស នឹងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រដឹកជញ្ជូនដ៏សំខាន់នេះ ដើម្បីការពារកុំឲ្យវាក្លាយជាការគំរាមកំហែងដោយអ៊ីរ៉ង់។

លោកត្រាំបានបន្តថា សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកកម្ទេចតំបន់ឆ្នេរ និងបន្តបាញ់កម្ទេចទូកនិងនាវារបស់អ៊ីរ៉ង់ឲ្យលិចចូលទៅក្នុងទឹក ប្រសិនបើចាំបាច់។
ការអំពាវនាវនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright បានលាតត្រដាងថា យោធាអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz នៅឡើយទេ។
យោងតាមការផ្សាយរបស់ Al Jazeera លោក Wright បានប្រាប់សារព័ត៌មាន CNBC ថា៖ «ទីផ្សារកំពុងជួបប្រទះនឹងការរំខានរយៈពេលខ្លីដ៏ខ្លាំងក្លា យើងព្យាករណ៍ថា សង្គ្រាមនឹងបន្តរយៈពេលច្រើនសប្តាហ៍ទៀត មិនមែនច្រើនខែទេ។ សហរដ្ឋអាមេរិកកំពុងបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់គំរាមកំហែងទីផ្សារថាមពល»។
ការអត្ថាធិប្បាយនេះកើតឡើងក្រោយពេលមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ Mojtaba Khamenei បានប្រកាសជាសាធារណៈលើកដំបូងថា ច្រក Hormuz គួរតែបន្តបិទ អំឡុងពេលផ្ទុះសង្គ្រាមជាបន្តនេះ។
