យោងតាមការរាយការណ៍របស់សារព័ត៌មាន The Wall Street Journal កងទ័ពសហរដ្ឋអាមេរិកបានបាត់បង់ទាហានយ៉ាងហោចណាស់ ១៣ នាក់ និងមានទាហានជាង ២០០ នាក់ទៀតរងរបួសចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។

ក្នុងចំណោមទាហានដែលរងរបួសទាំង ២០០ នាក់នោះ មានចំនួន ១៧០ នាក់បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់នឹងប្រើពេលយូរតាមដែលវាត្រូវការ ខណៈដែលអ៊ីរ៉ង់បដិសេធការចុះចាញ់ដោយឥតលក្ខខណ្ឌ។
ចាប់តាំងពីការវាយប្រហាររួមគ្នាដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ពេលនេះ អ៊ីរ៉ង់បានវាយប្រហារសងសឹកដោយបាញ់មីស៊ីលរយៈចម្ងាយមធ្យម និងឆ្លាយចូលមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅបណ្តាញប្រទេសក្នុងឈូងសមុទ្រ និងសំដៅទៅប្រទេសអ៊ីស្រាអែល។

យោងសេចក្តីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា នៅមុននេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានរាយការណ៍ថា ទាហានអាមេរិកចំនួន ៦ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសគុយវ៉ែត ហើយទាហានម្នាក់ទៀតបានស្លាប់ដោយសាររបួសដែលបានកើតឡើងក្នុងអំឡុងពេលវាយប្រហារលើមូលដ្ឋានមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី១ ខែមីនា។
នៅថ្ងៃសុក្រ របាយការណ៍បានលេចចេញថា សមាជិកនាវិកទាំង ៦ នាក់នៃយន្តហោះចាក់ប្រេង KC-135 របស់សហរដ្ឋអាមេរិកដែលបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ត្រូវបានសម្លាប់។ ក្រោយពីការធ្លាក់យន្តហោះចាក់សាំងបណ្តាលឲ្យនាវិក ៦ បានសម្លាប់ បណ្តាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់បានអះអាងថា ពីស្នាដៃរបស់ពួកគេក្នុងការវាយប្រហារយន្តហោះនោះ៕
