ភ្នំពេញ – លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ឡារីជានី បានព្រមានសហរដ្ឋអាមេរិកកុំឱ្យបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ចរន្តអគ្គិសនីរបស់អ៊ីរ៉ង់ក្នុងរយៈពេលមួយម៉ោង។

យោងតាម Al Jazeera ផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក Larijani បានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រសិនបើពួកគេធ្វើដូច្នោះ តំបន់ទាំងមូលនឹងងងឹតក្នុងរយៈពេលតិចជាងកន្លះម៉ោង ហើយភាពងងឹតផ្តល់ឱកាសគ្រប់គ្រាន់ឱ្យយើងតាមប្រមាញ់ទាហានអាមេរិកដែលរត់គេចខ្លួនដើម្បីសុវត្ថិភាព»។
លោកបន្តថា៖ «ខណៈការចាប់ផ្តើមសង្គ្រាមគឺងាយស្រួល វាមិនអាចឈ្នះដោយគ្រាន់តែសរសេរសារនៅលើ Twitter នោះទេ។ យើងនឹងមិនចុះចាញ់ទេ រហូតដល់ធ្វើឱ្យអ្នក(អាមេរិក) សោកស្តាយចំពោះការសម្រេចចិត្តខុសដ៏ធ្ងន់ធ្ងរនេះ»។

ការលើកឡើងទាំងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកបានធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
លោកត្រាំលើកឡើងថា៖ «ពួកគេគ្មានកងទ័ពជើងទឹក គ្មានកងទ័ពអាកាស គ្មានយន្តហោះប្រឆាំងយន្តហោះ[…] យើងអាចជិះយន្តហោះលើប្រទេសនោះដោយសេរី»។
មិនតែប៉ុណ្ណោះ លោកត្រាំព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចវាយប្រហារប្រព័ន្ធថាមពល ប្រសិនបើអាមេរិកសម្រេចចិត្តបង្កើនយុទ្ធសាស្រ្តយោធារបស់ខ្លួន។

លោកថា៖ «យើងអាចរុះរើសមត្ថភាពអគ្គិសនីរបស់ពួកគេក្នុងរយៈពេលមួយម៉ោង ហើយពួកគេនឹងចំណាយពេល២៥ឆ្នាំ ដើម្បីសាងសង់វាឡើងវិញ»។
យ៉ាងណា លោក Larijani បានលើកឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei និយាយក្នុងសេចក្តីថ្លែងការណ៍ដំបូងឱ្យប្រទេសមានឯកភាពជាតិ។
មេដឹកនាំរូបនេះថា៖ «ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក យើងនឹងបន្តបិទដើម្បីដាក់សម្ពាធលើសត្រូវរបស់អ៊ីរ៉ង់»។
