ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលក់ចែកចាយឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។

ការប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆៃ តុលា អាយុ ១៩ឆ្នាំ ដែលមានទីលំនៅនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
វត្ថុតាងដែលចាប់យកបានរួមមាន៖
– បារីអេឡិចត្រូនិច (ម៉ាក SE GAR) ចំនួន ៥១ដើម សង្ស័យមានសារធាតុញៀនប្រភេទអ៊ុចស្តាស៊ី
– ក្បាលបារីអេឡិចត្រូនិច (ម៉ាក NOVA) ចំនួន ៦៥ដើម សង្ស័យមានសារធាតុញៀនប្រភេទអ៊ុចស្តាស៊ី
– ទូរស័ព្ទដៃចំនួន ០១គ្រឿង

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់កំពុងត្រូវរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី។ ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនរបស់នគរបាលកម្ពុជា។
