ភ្នំពេញ៖ កម្លាំងអាជ្ញាធរចម្រុះបានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៤ មីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១៥នាក់។

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ អាជ្ញាធរបានដកហូតកុំព្យូទ័រ និងទូរសព្ទដៃជាច្រើន ដែលត្រូវបានគេសង្ស័យថាប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមអនឡាញ។
តាមការស៊ើបអង្កេតបឋម ជនសង្ស័យបានប្រើប្រាស់គណនី Facebook និង Telegram ដើម្បីបន្លំខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank)។ ពួកគេបានកាត់តរូបភាពតាមកម្មវិធី Canva និងក្លែងឡូហ្គោធនាគារពិភពលោក ដើម្បីបោកប្រាស់អ្នកដទៃឱ្យដាក់ប្រាក់កម្ចី ដោយមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៥នាក់ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ អាជ្ញាធរកំពុងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។
