អត្ថបទដោយ៖ កម្ពុជាថ្មី

ភ្នំពេញ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលាតត្រដាងនូវការសង្ស័យយ៉ាងខ្លាំងថា ប្រមុខរដ្ឋរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន អាចកំពុងផ្តល់ជំនួយសម្ងាត់ដល់អ៊ីរ៉ង់ក្នុងសង្រ្គាមប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី១៣ មីនា ២០២៦ លោកត្រាំបានបង្ហាញថា ការសម្រេចចិត្តរបស់មូស្គូក្នុងការជួយតេហេរ៉ង់ អាចជាការសងសឹកចំពោះការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន។
«ខ្ញុំគិតថាគាត់ប្រហែលជាកំពុងជួយពួកគេបន្តិចបន្តួច… ហើយគាត់ប្រហែលជាគិតថា ពួកយើងក៏កំពុងជួយអ៊ុយក្រែនដូចគ្នា» លោកត្រាំបានមានប្រសាសន៍។

ទោះបីជាមន្ត្រីរុស្ស៊ីបានបដិសេធការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ីរ៉ង់ក៏ដោយ ក៏លោកត្រាំបានចាត់ទុកស្ថានភាពនេះថាជា «វដ្តនៃការប្រកួតប្រជែងសម្ព័ន្ធមិត្ត» រវាងមហាអំណាចពិភពលោក។
ការលើកឡើងនេះកើតឡើងនៅពេលសង្រ្គាមបានអូសបន្លាយដល់ថ្ងៃទី១៤ ដែលបង្កឲ្យមានការភ័យខ្លាចពីការរីករាលដាលនៃជម្លោះ និងអស្ថិរភាពទីផ្សារថាមពល។

លោកត្រាំបានផ្ញើសារព្រមានយ៉ាងខ្លាំងក្លា៖ «យើងនឹងវាយបកពួកគេឲ្យធ្ងន់បំផុតនៅក្នុងសប្តាហ៍ក្រោយនេះ» ដោយសំដៅលើការបង្កើនទម្ងន់សង្រ្គាម។
ជំហរយោធាដ៏តឹងរ៉ឹងនេះកើតឡើងបន្ទាប់ពីមានការគំរាមកំហែងលើការធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក។
បច្ចុប្បន្ន សង្គមអន្តរជាតិកំពុងតាមដានមើលថា តើការសង្ស័យរបស់លោកត្រាំនឹងក្លាយជាការពិត ឬគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយសុទ្ធសាធ។
