ព្រឹត្តិការណ៍រន្ធត់នៅស្ទឹងត្រែង៖ កូនសម្លាប់ឪពុក រួចជិះម៉ូតូគេចខ្លួនទៅបុកឡានស្លាប់ភ្លាម

ព្រឹត្តិការណ៍រន្ធត់នៅស្ទឹងត្រែង៖ កូនសម្លាប់ឪពុក រួចជិះម៉ូតូគេចខ្លួនទៅបុកឡានស្លាប់ភ្លាម

ស្ទឹងត្រែង៖ ព្រឹត្តិការណ៍ហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើងនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅពេលកូនប្រុសម្នាក់បានប្រើហិង្សារហូតដល់សម្លាប់ឪពុកបង្កើត ហើយក្រោយមកក៏ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលគេចខ្លួន។

រថយន្តនិងម៉ូតូនៅកន្លែងកើតហេតុ

យោងតាមការបញ្ជាក់ពីលោក សាយ កង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំអាង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ហេតុការណ៍នេះគឺជាករណីហិង្សាក្នុងគ្រួសារ។ ជនសង្ស័យដែលត្រូវជាកូនបង្កើត បានប្រើហិង្សាលើឪពុករបស់ខ្លួន បន្ទាប់មកជិះម៉ូតូគេចខ្លួន តែអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ។

ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបានបង្ហើបថា ជម្លោះនេះអាចផ្ដើមចេញពីភាពមិនចុះសម្រុងគ្នារ៉ាំរ៉ៃ ដោយសារជនរងគ្រោះជាឪពុកតែងតែហូបស្រាស្រវឹង រករឿងជេរប្រមាថប្រពន្ធកូនជាប្រចាំ។ ជនបង្កជាកូនបង្កើតឈ្មោះ ហ៊ីន អិត ភេទប្រុស អាយុ២៥ឆ្នាំ ក៏ត្រូវបានគេសង្ស័យថា មានសតិមិនប្រក្រតី (សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន) ដែលជាកត្តាជំរុញឱ្យឈានដល់ការប្រើមែកស្វាយចន្ទីវាយសម្លាប់ឪពុក។

ក្រោយបង្កហេតុ នៅវេលាម៉ោង ១៧:១០នាទី ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅបុករថយន្តម៉ាក ហ៊ីណូ (Hino) ពណ៌ទឹកប៊ិចលាយស ផ្លាកលេខ ព្រះវិហារ 3A-0309 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យស្លាប់ភ្លាមៗ។ ស្ថិតក្នុងហេតុការណ៍បន្ទាប់នេះ អ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ន សពឪពុកនិងកូន ត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំបុណ្យតាមប្រពៃណីនៅភូមិ។ ដោយឡែក ម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំអាង ដើម្បីបន្តនីតិវិធីតាមច្បាប់។

អត្ថបទសរសេរដោយ រ៉ូ សាលី កែសម្រួលដោយ ស្រីណា

administrator

Related Articles