សៀមរាប៖ ទោះបីជាសម័យកាលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់អ្នកស្រុកអង្គរ ការថែរក្សាទំនៀមទម្លាប់ពីដូនតានៅតែជាកាតព្វកិច្ចដ៏វិសេសវិសាលដែលមិនអាចបំភ្លេចបាន។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ គ្រួសារមួយនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប បានរៀបចំពិធីកោរជុកយ៉ាងពេញទម្រង់តាមបែបបុរាណ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនទូទាំងប្រទេស។

នៅក្នុងពិធីដ៏ឱឡារិកនេះ មានក្មេងប្រុសចំនួន៥នាក់បានចូលរួមក្នុងកិច្ចពិធីកោរជុក ក្រោមការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីលោកយាយ ពៅ ថូ និងចាស់ទុំក្នុងសហគមន៍។
លោកយាយពៅ ថូ បានរៀបរាប់ដោយក្ដីរំភើបថា៖ «នេះជាប្រពៃណីដែលគ្រួសារយើងអនុវត្តតៗគ្នាមកជាច្រើនជំនាន់។ ខ្ញុំផ្ទាល់ក៏ធ្លាប់បានកោរជុកកាលពីអាយុ១១ឆ្នាំដែរ។ ទោះដឹងថាត្រូវចំណាយធនធានច្រើន ហើយក្មេងៗដែលទុកជុកអាចនឹងរងការបង្អាប់ក៏ដោយ ក៏ខ្ញុំនៅតែជម្នះធ្វើវា ព្រោះមិនចង់ឱ្យទំនៀមនេះបាត់បង់ត្រឹមជំនាន់ខ្ញុំឡើយ»។

ពិធីនេះត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ១យប់ ដោយជ្រើសរើសយកថ្ងៃក្នុង«ខែពេញ» (ខែខ្នើត) ដែលជាពេលាមានសិរីសួស្ដី។ លោកតា ម៉ក់ សារ៉ម ព្រឹទ្ធាចារ្យអាយុ៧៧ឆ្នាំ បានពន្យល់ពីដំណើរកិច្ចពិធីដ៏លម្អិតនេះ។

តាមការបកស្រាយរបស់លោក តូច សុភះ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ពិធីកោរជុកមិនមែនគ្រាន់តែជាការកាត់សក់នោះទេ ប៉ុន្ដែវាគឺជា«ពិធីឆ្លងវ័យ» (Rites of Passage) ដែលបញ្ជាក់ពីការផ្លាស់ប្ដូរជីវិតពីកុមារភាព ឈានចូលដល់វ័យយុវជនពេញលក្ខណៈ។

បច្ចុប្បន្ន ពិធីកោរជុកបានក្លាយជាពិធីដ៏កម្រមួយនៅក្នុងប្រទេស។ ប៉ុន្ដែការស្ម័គ្រចិត្តរក្សាសក់ជុករបស់ក្មេងៗ និងការលះបង់ធនធានរបស់ចាស់ទុំនៅភូមិក្រសាំងរលើង គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ស្មារតីស្រឡាញ់វប្បធម៌ដូនតានៅតែស្ថិតក្នុងដូងចិត្តអ្នកស្រុកអង្គរជាប្រចាំ។

អត្ថបទសរសេរដោយ ច័ន្ទ រស្មី | កែសម្រួលដោយ ធីតា
