ទោះបីកប៉ាល់ដឹកទំនិញរបស់ខ្លួនត្រូវវាយប្រហារនៅច្រកសមុទ្រ Hormuz ក៏ដោយ ក៏ប្រទេសថៃនៅតែបន្តអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនធ្វើដំណើរឆ្លងកាត់តាមឈូងសមុទ្រពែរ្ស ឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ Hormuz ដដែល។ ទោះយ៉ាងណា កងទ័ពជើងទឹកថៃបានចេញការព្រមានជាបន្ទាន់ទៅក្រុមហ៊ុននាវាចរណ៍ទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះថ្នាក់ពី«គ្រាប់មីនបណ្តែតទឹក»។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសៅរ៍ទី១៤មីនា២០២៦ ការព្រមានបន្ទាន់នេះចេញពីកងទ័ពជើងទឹកថៃ ដោយសារស្ថានការណ៍ពោរពេញដោយគ្រោះថ្នាក់។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Paraj Ratanajaipan បានថ្លែងថា៖ «យើងសូមជំរុញឲ្យប្រតិបត្តិករកប៉ាល់ទាំងអស់ត្រូវអនុវត្តតាមពិធីសារសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុត។ គ្រាប់មីនទាំងនេះមិនត្រឹមតែជាការគំរាមកំហែងដល់យោធាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់នាវាស៊ីវិល និងកប៉ាល់ដឹកទំនិញដូចជាករណី Mayuree Naree ផងដែរ»។

កាលពីថ្ងៃពុធទី១១មីនា កប៉ាល់ដឹកទំនិញ Mayuree Naree ត្រូវរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាពទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀតនៅតែរកមិនទាន់ឃើញ។
ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ បានចេញមុខប្រកែកថា អ៊ីរ៉ង់មិនបានចេញការព្រមានជាក់លាក់ណាមួយទេ មុនពេលវាយប្រហារ។ PSL បញ្ជាក់ថា កប៉ាល់ Mayuree Naree បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នូវវិធានការសន្តិសុខទាំងអស់។ ការប្រកែកនេះគឺជាការវាយបកទៅអ៊ីរ៉ង់ ដែលអះអាងថាកងឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃព្រោះមិនព្រមស្តាប់ការព្រមាន។
