រាជធានីភ្នំពេញ – រថយន្តម៉ាក KIA ពណ៌ស ដែលកំពុងដឹកក្ដារបន្ទះកុងផ្លាកេ បានក្រឡាប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បណ្ដាលឲ្យព្រូរថយន្តម្នាក់រងរបួសជើងយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារបុរីសន្តិភាព២ ក្នុងភូមិត្រំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2A-0674 ដឹកក្ដារបន្ទះកុងផ្លាកេ បើកបរធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត។

លុះពេលទៅដល់ត្រង់ចំណុចកែងផ្លូវ ៥០ម៉ែត្រ រថយន្តបានចូលទៅចាក់ប្រេងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ហើយដោយសារតែបរិវេណស្ថានីយ៍ប្រេងឥន្ធនៈនោះខ្ពស់ជាងផ្លូវ ទើបធ្វើឲ្យរថយន្តផ្អៀងកង់មួយចំហៀង រួចក្រឡាប់តែម្ដង។
ខណៈនោះ បានបណ្ដាលឲ្យព្រូរថយន្តម្នាក់រងរបួសជើងយ៉ាងដំណំ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកឯរថយន្ត ក៏បានរងការខូចខាតផងដែរ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានយករថយន្តមួយគ្រឿងទៀតទៅដឹកយកក្ដារបន្ទះកុងផ្លាកេនោះចេញ ព្រមទាំងនាំយករថយន្តខាងលើទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង។

អត្ថបទសរសេរដោយ យន់ ស៊ីថា
កែសម្រួលដោយ សារ៉ា ចន្ទ
