តារាកំប្លែង ខ្ញុង វិលត្រឡប់ជាថ្មី ក្រោយជាប់បំណុលរាប់ម៉ឺនដុល្លារ

តារាកំប្លែង ខ្ញុង វិលត្រឡប់ជាថ្មី ក្រោយជាប់បំណុលរាប់ម៉ឺនដុល្លារ

មហាជនសង្ស័យថាមិនអាចឃើញមុខអ្នកនាង ខ្ញុង តារាកំប្លែងដ៏ល្បីឈ្មោះ ក្នុងអាជីពសិល្បៈទៀតទេ បន្ទាប់ពីនាងបាត់មុខអស់រយៈពេលយូរ ដោយសារបំណុលជុំទិសរាប់ម៉ឺនដុល្លារ។ ប៉ុន្តែឥឡូវនេះ នាងបានវិលត្រឡប់មកវិញយ៉ាងភ្ញាក់ផ្អើល ជាមួយនឹងបទចម្រៀងថ្មី និងការសម្តែងកំប្លែងជាថ្មីឡើងវិញ។

តារាកំប្លែង ខ្ញុង

បទចម្រៀងថ្មីរបស់អ្នកនាង ខ្ញុង មានចំណងជើងថា «តាក់ស៊ីទៅលេងស្រុក» ដែលជាបទសម្រាប់ស្តាប់កំសាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ផលិតកម្មដែលនាងច្រៀងក៏ជាផលិតកម្មចាស់ដែលនាងធ្លាប់ជ្រកកោនពីមុនមកដែរ។

អ្នកនាង ខ្ញុង បានងាកចេញពីអាជីពសិល្បៈអស់មួយរយៈធំ បន្ទាប់ពីញាំញីដោយសារបំណុលរាប់ម៉ឺនដុល្លារ។ មូលហេតុសំខាន់ដែលធ្វើឱ្យនាងសម្រេចមិនអាចប្រឡូកអាជីពសិល្បៈបន្តទៀតបាននោះ គឺដោយសារនាងមិនចង់ឱ្យក្រុមកំប្លែងដែលនាងធ្លាប់សម្តែងនោះខូចឈ្មោះ ដោយសារតែនាងរងភាពអាម៉ាស់ដោយសារបំណុលជុំទិសនោះឡើយ។

ខ្ញុង នៅក្នុងស្ទូឌីយ៉ូ

ក្រោយពីមានការយោគយល់ពីម្ចាស់បំណុល អ្នកនាង ខ្ញុង បានខិតខំតស៊ូរកលុយដោះបំណុលតាមរយៈការ live លក់ផ្អក ប្រហុក ត្រីងៀត និងសម្លៀកបំពាក់តាមអនឡាន ខណៈពេលមុខរបរមួយនេះរបស់នាងក៏មានការកាប់កបគ្រាន់បើផងដែរ។

ទន្ទឹមនឹងការបង្ហាញវត្តមានជាតារាចម្រៀងជាថ្មីឡើងវិញ នាពេលនេះ អ្នកនាង ខ្ញុង ក៏បានចូលរួមសម្តែងកំប្លែងជាថ្មីឡើងវិញផងដែរ តាមរយៈកម្មវិធីផ្ទះលេខ១ និងផ្ទះលេខ២ ដែលដឹកនាំសម្តែងដោយលោក សុវណ្ណរិទ្ធី ហៅតាវ៉ីចទ័រ។

ការសម្តែងកំប្លែងរបស់ ខ្ញុង

ក្រោយពីនាងចាកចេញពីអាជីពសិល្បៈនោះ មេក្រុមរបស់នាងគឺលោក សុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ តែងតែសួរនាំនាង និងមានបំណងចង់ឱ្យនាងចូលកំប្លែងជាថ្មីឡើងវិញផងដែរ ប៉ុន្តែអំឡុងពេលនោះ នាងតែងតែបដិសេធ ដោយសារនាងមិនចង់នាំឱ្យខូចឈ្មោះស្ថាប័ន និងក្រុមកំប្លែងដែលនាងធ្លាប់ជ្រកកោននោះឡើយ។

ទោះជាយ៉ាងណា ការសម្រេចចិត្តចូលមកអាជីពកំប្លែង និងចម្រៀងជាថ្មីឡើងវិញពីអ្នកនាង ខ្ញុង នាពេលនេះ រូបនាងរំពឹងថា នឹងនៅតែទទួលការគាំទ្រដដែលពីសំណាក់ទស្សនិកជន ខណៈពេលដែលនាងធ្លាប់បានគូសបញ្ជាក់ថា នាងនឹងខំសាងស្នាដៃសិល្បៈកំប្លែងឡើងវិញ ដោយសុំកម្លាំងចិត្តម្នាក់មួយមកបងប្អូន។

ខ្ញុង និងក្រុមកំប្លែង

ការវិលត្រឡប់របស់តារាកំប្លែង ខ្ញុង បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងទស្សនិកជន ដែលរង់ចាំឃើញនាងសម្តែងជាថ្មីឡើងវិញ។ នាងបានបង្ហាញពីការតស៊ូ និងស្មារតីខ្ពស់ក្នុងការដោះស្រាយបញ្ហាជីវភាព មុននឹងវិលត្រឡប់មកកាន់អាជីពសិល្បៈដែលនាងស្រឡាញ់។

administrator

Related Articles