ភ្នំពេញ៖ ករណីហិង្សារវាងយុវតីអនីតិជន ក្នុងវិទ្យាល័យព្រះយុគន្ធរ បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គម បន្ទាប់ពីវីដេអូសកម្មភាពហិង្សាត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ យុវតីរងគ្រោះអាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់៣នាក់ (អាយុ១៣ឆ្នាំ២នាក់ អាយុ១២ឆ្នាំ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់ថាបានចាក់រុកញុះញង់ឱ្យពួកគេឈ្លោះប្រកែកគ្នា។
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះបាននាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជធានីភ្នំពេញ។ មន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការកោះហៅភាគីជនសង្ស័យទាំង៣នាក់ រួមទាំងអាណាព្យាបាលមកសាកសួរ។

យោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន មាត្រា១៤ ចែងថា “អនីតិជនក្រោម១៤ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ…”។ ដោយសារយុវតីទាំង៣នាក់ជាអនីតិជនអាយុក្រោម១៤ឆ្នាំ សមត្ថកិច្ចមិនអាចឃាត់ខ្លួនបានទេ។
បន្ទាប់ពីការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមដំបូងរាជធានីភ្នំពេញ អាវុធហត្ថរាជធានីភ្នំពេញបានប្រគល់ជនសង្ស័យទាំង៣នាក់ឱ្យទៅអាណាព្យាបាលធានាយកត្រលប់ទៅលំនៅដ្ឋានវិញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចអំពាវនាវឱ្យសាធារណជនបញ្ចេញមតិដោយឈរលើគោលការណ៍ច្បាប់ សីលធម៌ និងសុជីវធម៌ ដោយទុកលទ្ធភាពឱ្យតុលាការជាអ្នកកំណត់យុត្តិធម៌តាមវិធាននីតិវិធី។
