រាជធានីភ្នំពេញ៖ រថយន្តឡង់គ្រីស្ស័រស៊េរីទំនើបពណ៍ស ១គ្រឿង បើកសុខៗតាមផ្លូវវេងស្រេង ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទល់មុខផ្សារឯករាជ្យ៣ កាលពីល្ងាចថ្ងៃទី១៤ មីនា ២០២៦។

ហេតុការណ៍កើតឡើងនៅម៉ោង ៦:៣០ល្ងាច នៅចំណុចទល់មុខផ្សារឯករាជ្យ៣ តាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អ្នកបើករថយន្តបានរត់ចេញមកខាងក្រៅយ៉ាងរហ័ស បន្ទាប់ពីឃើញអណ្ដាតភ្លើងចាប់ផ្ដើមឆេះ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរ និងព្យាយាមប្រើបំពង់ពន្លត់អគ្គីភ័យដើម្បីជួយបាញ់ពន្លត់ ប៉ុន្តែអណ្ដាតភ្លើងបន្តឆេះខ្លាំងពេក។ កងកម្លាំងសមត្ថកិច្ចបានបិទផ្លូវវេងស្រេងមួយចំហៀង ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានអោយដឹងថា ការពន្លត់អគ្គីភ័យបានប្រើរថយន្តទឹក១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១គ្រឿង។ មិនមានអ្នករបួសស្លាប់ និងមិនបណ្ដាលឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

រថយន្តឡង់គ្រីស្ស័រត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង នៅសល់តែគ្រោងឆ្អឹងដែក។ ការបាញ់ពន្លត់បានបញ្ចប់នៅម៉ោង ៧:១០យប់។ សមត្ថកិច្ចរង់ចាំរកម្ចាស់រថយន្តសាកសួរ ប៉ុន្តែម្ចាស់រថយន្តមិនបាននៅកន្លែងកើតហេតុទេ។

សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌមានជ័យបានយករថយន្តស្ទួចយករថយន្តឆេះទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍លើផ្លូវវេងស្រេង។




អត្ថបទសរសេរដោយ យឹម ឈឿន
កែសម្រួលដោយ ធីតា
