អ៊ីរ៉ង់បានបង្ក្រាបបណ្តាញចារកម្មដ៏ធំមួយ ដោយចាប់ខ្លួនបុគ្គលចំនួន២០នាក់ក្នុងទីក្រុងអ៊ូមីយ៉ា ដែលជាប់ពាក់ព័ន្ធនឹងការផ្ញើទីតាំងយោធា ប៉ូលិស និងសន្តិសុខទៅឲ្យអ៊ីស្រាអែល។

ភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបង្ហាញថា បណ្តាញស៊ីឈ្នួលនេះត្រូវបានបង្ក្រាបនៅថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦។ បុគ្គលទាំង២០នាក់ត្រូវបានឃាត់ខ្លួនតាមដីកាតុលាការ ដោយជាប់ចោទពីបទចារកម្មឲ្យភ្នាក់ងារអ៊ីស្រាអែល។
យោងតាមច្បាប់ព្រហ្មទណ្ឌនិងសន្តិសុខជាតិរបស់អ៊ីរ៉ង់ ការយកការណ៍ឬធ្វើចារកម្មឲ្យរបប «Zionist» (អ៊ីស្រាអែល) ត្រូវបានចាត់ទុកជាបទល្មើសធ្ងន់ធ្ងរបំផុត ដែលអាចឈានដល់ទោសប្រហារជីវិត។
តុលាការបដិវត្តន៍អ៊ីរ៉ង់ច្រើនតែចោទប្រកាន់ក្រោមបទល្មើសសំខាន់ៗពីរគឺ៖
🛑 Mofsed-e-filarz (បង្កអន្តរាយដល់ផែនដី)៖ បទល្មើសសាសនានិងរដ្ឋដ៏ធ្ងន់ធ្ងរ ដែលត្រូវកាត់ទោសប្រហារជីវិតដោយការព្យួរក។
🛑 Muharebeh (សត្រូវរបស់ព្រះ)៖ ការប្រើប្រាស់មធ្យោបាយណាមួយដើម្បីបង្កអសន្តិសុខដល់រដ្ឋ និងសាសនា។

ទោសអាចត្រូវកាត់បន្ថយបាន ប្រសិនបើព័ត៌មានដែលផ្ដល់ឲ្យមិនមែនជាព័ត៌មានយោធាកម្រិតកំពូល ឬបុគ្គលនោះផ្ដល់កិច្ចសហការខ្លះដល់អាជ្ញាធរ។ ក្នុងករណីបែបនេះ ទោសអាចនឹងត្រូវកាត់បន្ថយមកត្រឹមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ឬជាប់ពន្ធនាគារអស់មួយជីវិត។
អត្ថបទ៖ សុខ សុវណ្ណ
