ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី។

លោកវរសេនីយ៍ទោ មូល សារ៉ាត់ ត្រូវបានតែងតាំងពីអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជាអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។ លោកជំនួសលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី ដែលត្រូវដកចេញអោយមកបំរើការនៅស្នងការដ្ឋាននគរបាលខេត្តវិញ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទាំង១២ផែន លោកលោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយការិយាល័យជំនាញទាំង៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការ នគរបាលក្រុង-ស្រុកទាំង០៩ លោក លោកស្រីអធិការរង ទទួលដឹកនាំការងារផ្នែកជំនាញទាំង១០ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៩។

ក្រៅពីនេះ ក៏មានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាទី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងអធិការដ្ឋាននគរបាលស្រុកបាទី៕
