អ៊ីរ៉ង់សន្យាតាមប្រមាញ់ Netanyahu លុះក្ស័យ ក្នុងពេលមានការសង្ស័យពីស្ថានភាពរបស់គាត់

អ៊ីរ៉ង់សន្យាតាមប្រមាញ់ Netanyahu លុះក្ស័យ ក្នុងពេលមានការសង្ស័យពីស្ថានភាពរបស់គាត់

អ៊ីរ៉ង់ប្រកាសតាមប្រមាញ់ Netanyahu

ស្របពេលមានពាក្យចចាមអារ៉ាមអំពីជោគវាសនាមិនប្រាកដរបស់លោក Benjamin Netanyahu អ៊ីរ៉ង់បានប្រកាសថា បើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនៅរស់មែន ខ្លួននឹងតាមប្រមាញ់លុះក្ស័យ។

តាមការផ្សាយរបស់ India Today នៅថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២៦ ឆ្មាំបដិវត្តន៍ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «អ៊ីរ៉ង់នឹងតាមកំណត់គោលដៅវាយប្រហារលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈសង្គ្រាមជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតែបន្ត។ ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមាររូបនេះនៅមានជីវិត យើងនឹងបន្តតាមប្រមាញ់លុះក្ស័យ និងសម្លាប់គេដោយកម្លាំងពេញទំហឹង»។

កិច្ចប្រជុំទ័ពអ៊ីស្រាអែល

សេចក្តីប្រកាសនេះកើតឡើងចំពេលលោក Netanyahu អវត្តមានពីកិច្ចប្រជុំទ័ព គួរឲ្យសង្ស័យ ចំពេលផ្ទុះពាក្យចចាមអារ៉ាមថាលោកបាត់បង់ជីវិត។ តាមរយៈវីដេអូផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីស្រាអែល គេឃើញថាក្នុងកិច្ចប្រជុំទ័ពគឺមិនមានវត្តមានលោក Netanyahu ទេ ពោលគឺមានតែរដ្ឋមន្ត្រីការពារជាតិ Israel Katz និងមន្ត្រីជាន់ខ្ពស់ជាមួយមេទ័ពផ្សេងទៀតប៉ុណ្ណោះ។

អ្វីដែលគេសង្ស័យគឺថា ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់ផ្ទុះឡើង លោក Netanyahu មិនដែលអវត្តមានទេសម្រាប់កិច្ចប្រជុំសំខាន់បែបនេះ ដូច្នេះនេះជាលើកទី១ហើយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់មុខពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ។

ប្រភពជាច្រើនបានលើកឡើងដូចៗគ្នាអំពីមរណភាពរបស់លោក Netanyahu ជាពិសេសមុននេះ ក៏មានការបញ្ចេញវីដេអូសង្ស័យជា Ai ដែលបង្ហាញពីបុរសខ្លាំងអ៊ីស្រាអែល មានរូបរាងខុសលក្ខណៈផងដែរ។

យ៉ាងណា រហូតមកដល់ម៉ោងនេះ នៅមិនទាន់មានព័ស្តុតាងរឹងមាំណាមួយដែលបញ្ជាក់ថា លោក Netanyahu បាត់បង់ជីវិតនោះទេ។ ផ្ទុយទៅវិញ វាហាក់ដូចជាយុទ្ធសាស្ត្ររក្សាសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតរបស់អ៊ីស្រាអែល ចំពេលសង្គ្រាមកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles