ក្រុមជាងសាងសង់បាត់ដំបងបែរជាជួញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់បាន ៥នាក់

ក្រុមជាងសាងសង់បាត់ដំបងបែរជាជួញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់បាន ៥នាក់

ខេត្តបាត់ដំបង៖ ក្រុមជាងសាងសង់ផ្ទះមួយក្រុមនៅស្រុកបាណន់ ដែលមានមុខរបរសំខាន់ជាការសាងសង់ផ្ទះ បែរជាបែកគំនិតបន្ថែមមុខរបរថ្មីគឺជួញដូរគ្រឿងញៀន និងប្រើប្រាស់ខ្លួនឯងផង ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាបឃាត់ខ្លួនបាន ០៥នាក់។

ក្រុមជាងសាងសង់ត្រូវចាប់

ព្រឹត្តិការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ មីនា នៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រុមជាងសាងសង់នេះត្រូវឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅកន្លែងធ្វើការងារ។

យោងតាមរបាយការណ៍មន្ត្រីផ្នែកគ្រឿងញៀននៃអធិការស្រុកបាណន់ ជនសង្ស័យទាំង០៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ជ័យ វិសាល (៣៩ឆ្នាំ), ស៊ុំ មិនា (៣៨ឆ្នាំ), ធឿន ហ៊ា (៣៣ឆ្នាំ), រី រ៉េន (៤០ឆ្នាំ) និង សួង ធេន (៣៥ឆ្នាំ)។ ជនទាំងនេះសុទ្ធតែរស់នៅក្នុងស្រុកបាណន់។

វត្ថុតាងថ្នាំញៀន

ក្រុមនេះត្រូវចាប់ខ្លួនពីបទ«រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់»។ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០៥ថង់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន, ថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមនេះជាក្រុមជាងសាងសង់ផ្ទះធម្មតា ប៉ុន្តែដោយសារចំណេញតិច ចែកគ្នាចាយមិនគ្រប់ ក៏បបួលគ្នាបន្ថែមមុខរបរងាយៗមួយទៀត គឺជួញដូរគ្រឿងញៀន។ ពួកគេមិនត្រឹមតែជួញដូរទេ ថែមទាំងជាអ្នកសេបគ្រឿងញៀនដែរ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងសួរនាំដើម្បីចាត់ការតាមនីតិវិធី។

administrator

Related Articles