ក្រសួងកសិកម្មចាត់វិធានការបន្ទាន់២ ដោះស្រាយបញ្ហាឡើងថ្លៃប្រេងនិងជីកសិកម្ម ក្រោមផលប៉ះពាល់សង្គ្រាមមជ្ឈឹមបូព៌ា

ក្រសួងកសិកម្មចាត់វិធានការបន្ទាន់២ ដោះស្រាយបញ្ហាឡើងថ្លៃប្រេងនិងជីកសិកម្ម ក្រោមផលប៉ះពាល់សង្គ្រាមមជ្ឈឹមបូព៌ា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីដោះស្រាយក្តីកង្វល់របស់ប្រជាកសិករដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលបណ្តាលឱ្យឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម។

កិច្ចប្រជុំក្រសួងកសិកម្ម

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់នៅថ្ងៃទី១៥ មីនា ២០២៦ ថា វិធានការទាំង២នេះត្រូវបានចាត់ឡើងដើម្បីធានាស្ថិរភាពវិស័យកសិកម្មក្នុងពេលមានវិបត្តិ។

វិធានការទី១៖ ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ក្រសួងកសិកម្មបានសហការជាមួយក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម ដើម្បីធានាការផ្គត់ផ្គង់ប្រេងសម្រាប់វិស័យកសិកម្ម។ មន្ទីរកសិកម្មទូទាំងប្រទេសត្រូវបានដាក់សេចក្តីណែនាំឱ្យតាមដានស្ថានភាព និងសហការជាមួយមន្ទីរដៃគូដើម្បីអន្តរាគមន៍ភ្លាមៗបើមានការឡើងថ្លៃខុសប្រក្រតី។

ការពិភាក្សាពីបញ្ហាជីកសិកម្ម

វិធានការទី២៖ ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗ ដោយវាយតម្លៃថា កម្ពុជានឹងមិនជួបបញ្ហាខ្វះខាតជីកសិកម្មទេ ជាពិសេសជីអ៊ុយរ៉េ ទោះបីជាអាចមានការកើនឡើងថ្លៃដោយសារសម្ពាធទីផ្សារសកលក៏ដោយ។

ក្រសួងក៏បានស្នើសុំឱ្យក្រុមហ៊ុនរក្សាតម្លៃក្នុងកម្រិតសមរម្យសម្រាប់ប្រជាកសិករនារដូវដាំដុះខាងមុខនេះ។

ដោយ៖ តារា

administrator

Related Articles