រាជធានីភ្នំពេញ – អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចំនួន ៦០ គឺគ្រាន់តែជាល្បែងនយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា៖ «ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ មិនអាចទទួលបានជោគជ័យនោះទេ ព្រោះមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន»។
លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការដាក់ពន្ធបដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យសហរដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បីដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្តាលប្រទេសមួយចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុងគោលបំណងលួងចិត្តម្ចាស់ឆ្នោត និងស្តារប្រជាប្រិយភាពរដ្ឋការរបស់អាមេរិក។

លោកបណ្ឌិត យង់ ពៅ បន្ថែមថា៖ «បញ្ហាទាំងអស់នេះ គឺជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែងរកប្រជាប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជាមានការស៊ើបអង្កេតទៅលើបណ្តាប្រទេសទាំងអស់នេះ ក៏មិនមានអ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។
បន្ថែមលើការលើកឡើងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានបញ្ហានយោបាយបានថ្លែងថា៖ «គម្រោងស៊ើបអង្កេតជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែនមានតែកម្ពុជានោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន សិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី ក៏រងនូវការអង្កេតដូចគ្នាដែរ»។
សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់តំណាងពាណិជ្ជកម្មនៃសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់ការអង្កេតរបស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោបាយមើលឃើញដូចៗគ្នាថា កម្ពុជាតែងតែអនុវត្តទៅតាមច្បាប់អន្តរជាតិ ច្បាប់ការងារ ច្បាប់ស្តីពីសហជីព និងកិច្ចសន្យាការងារផ្សេងៗដែលមិនមានការរំលោភបំពានច្បាប់ការងារ និងការរំលោភទៅលើការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំទេ។ ដូច្នេះកម្ពុជាមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ ប៉ុន្តែត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។
យ៉ាងណាក៏ដោយ លោក សំ សឿន បានអំពាវនាវឱ្យសាធារណជន និងប្រជាពលរដ្ឋកុំឱ្យជឿលើការលើកឡើងណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលមានចេតនាបន្ទច់បង្អាក់ និងដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បីស្តារប្រជាប្រិយភាព ដែលសូម្បីសម្ព័ន្ធមិត្តរបស់ខ្លួនក៏រងការអង្កេតដែរ។
