អាម៉េរិក៖ ប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើការអំពាវនាវយ៉ាងច្បាស់លាស់ទៅកាន់មហាអំណាចពិភពលោក ដោយស្នើឱ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារសន្តិសុខនៅច្រកសមុទ្រ Hormuz។

ក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម លោកត្រាំបានអំពាវនាវចំៗទៅកាន់ប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ដោយអះអាងថា ប្រទេសទាំងនេះជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេពីគោលនយោបាយបិទច្រកសមុទ្ររបស់អ៊ីរ៉ង់។
លោកប្រធានាធិបតីអាម៉េរិកបានបញ្ជាក់ថា៖ «ទោះបីជាយើងបានកម្ទេចសមត្ថភាពយោធាធំៗរបស់អ៊ីរ៉ង់ស្ទើរទាំងស្រុងក៏ដោយ ក៏សត្រូវនៅតែអាចបង្កគ្រោះថ្នាក់តាមរយៈដ្រូន និងមីនទឹកបាន»។
ត្រាំបានសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz គឺជាសរសៃឈាមសេដ្ឋកិច្ចសកលសម្រាប់ការដឹកជញ្ជូនប្រេងកាត ដែលទាមទារឱ្យមានការចូលរួមការពារពីកម្លាំងចម្រុះអន្តរជាតិ។
លោកក៏បានព្រមានយ៉ាងខ្លាំងថា៖ «កងកម្លាំងអាម៉េរិកនឹងបន្តយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងកម្ទេចរាល់នាវាអ៊ីរ៉ង់ដែលបង្កការរំខាន រហូតដល់ច្រកសមុទ្រនេះមានសុវត្ថិភាព ១០០% ឡើងវិញ»។
ការអំពាវនាវនេះធ្វើឡើងក្នុងខណៈដែលតំណាងអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ពីការព្យាយាមបិទច្រកសមុទ្រ ដោយអះអាងថាពួកគេគ្រាន់តែអនុវត្តសិទ្ធិការពារជាតិរបស់ខ្លួនប៉ុណ្ណោះ។
អ្នកវិភាគយោធាបានចាត់ទុកថា ការអំពាវនាវរបស់ត្រាំជាការបង្កើនសម្ពាធទៅលើសហគមន៍អន្តរជាតិ ដើម្បីចូលរួមក្នុងប្រតិបត្តិការការពារច្រកសមុទ្រសំខាន់នេះ ដែលឆ្លងកាត់ប្រមាណ ២១% នៃការដឹកជញ្ជូនប្រេងកាតសកល។
