ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលជាប្តីបានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់ នៅព្រលឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅម៉ោង ៥:៣០នាទី ទៀបភ្លឺ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៩ និង១១០ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ ផាត វិសាល អាយុ ៣២ឆ្នាំ ដោយមានប្រពន្ធរួមដំណើរជាមួយឈ្មោះ លស គឹមតេង អាយុ ៣២ឆ្នាំ ដែលរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គូស្វាមីភរិយាទាំងពីរនាក់បានជិះរថយន្តមួយគ្រឿងម៉ាក Hyundai Libero ពណ៌សលាយប្រផេះ ក្នុងដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ រថយន្តនេះបានរ៉េចង្កូតទៅបុកគូទរថយន្តមួយគ្រឿងម៉ាក JAK ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 3G.4144 ដែលកំពុងឈប់ស្ងៀម។

ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបានកើតឡើង ដោយអ្នកបើកបររថយន្តឈ្មោះ ផាត វិសាល បានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសជាទម្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចនគរបាល។

ដោយឡែក អ្នកបើកបររថយន្តធុនធំដែលឈប់ស្ងៀមបានរត់គេចខ្លួនបាត់ ដែលធ្វើឱ្យករណីនេះកាន់តែស្មុគស្មាញ។

សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតរកអ្នកបើកបររថយន្តធុនធំដែលរត់គេចខ្លួន ដើម្បីយកមកផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
