ទីក្រុងប៉ារីស៖ ក្រុមមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចពិភាក្សាជុំថ្មីមួយស្ដីពីពាណិជ្ជកម្មនៅទីក្រុងប៉ារីស នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយបញ្ហាពាណិជ្ជកម្ម និងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។

កិច្ចពិភាក្សានឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។ កិច្ចប្រជុំនេះរំពឹងថានឹងផ្តោតលើបញ្ហាសំខាន់ៗដូចជា ការផ្លាស់ប្ដូរពន្ធគយអាមេរិក ការនាំចេញរ៉ែកម្ររបស់ចិន ការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់ និងការទិញផលិតផលកសិកម្ម។

ភាគីទាំងពីរនឹងជួបគ្នានៅទីស្នាក់ការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ក្នុងទីក្រុងប៉ារីស។ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
អ្នកវិភាគពាណិជ្ជកម្មបានចង្អុលបង្ហាញថា ដោយសារតែមានពេលវេលាខ្លីសម្រាប់ការរៀបចំ និងការផ្ដោតរបស់អាមេរិកលើបញ្ហាអ៉ីរ៉ង់ លទ្ធភាពសម្រេចលទ្ធផលផ្លែផ្កាពីកិច្ចប្រជុំនេះមានតិចតួច។

កិច្ចប្រជុំនៅប៉ារីសនេះត្រូវបានរំពឹងថានឹងជាជំហានសំខាន់ក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមីនានេះ។
