ខេត្តកណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីចេញមកវិញមិនរៀនមេរៀន ហើយបន្តប្រើអំពើហិង្សាដោយកាន់កាំបិតកាប់ប្រហារបង្កស្នាមរបួសដល់ជនរងគ្រោះ២នាក់ ដោយសារតែជម្លោះលើករណីមរតកមាសពីប្រពន្ធដែលបានទុកចែកឱ្យកូនៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ជនរងគ្រោះមាន២នាក់គឺ៖
- ឈ្មោះ បាន សាក់នី អាយុ៣៧ឆ្នាំ រងរបួសស្នាមត្រង់គុម្ពក្លៀកខាងឆ្វេង១កន្លែង និងត្រង់កដៃខាងឆ្វេង១កន្លែង
- ឈ្មោះ ឈុំ សារ៉េត អាយុ៦០ឆ្នាំ រងរបួសស្នាមត្រង់ភ្លៅខាងឆ្វេង១កន្លែង

ចំណែកជនសង្ស័យឈ្មោះ សា តាំ អាយុ៥៧ឆ្នាំ មុខរបរលក់សំណាញ់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំ ពីបទហិង្សាដោយចេតនាកាលពីមុន។ ភាគីទាំងពីររស់នៅក្បែរខាងគ្នាក្នុងភូមិដដែល។
វត្ថុតាងដែលសមត្ថកិច្ចបានចាប់យកមាន៖ កាំបិតប៉័ងតោ១ដើម និងដងឈើ១។
តាមការបកស្រាយពីលោកអធិការ ដើមហេតុចាប់ផ្ដើមពីឆ្នាំ២០១០ នៅពេលដែលប្រពន្ធជនសង្ស័យឈ្មោះ សា ទីម៉ាស់ បានទុកខ្សែដៃមាសទម្ងន់២ដំឡឹងជាមរតកសម្រាប់កូនៗទាំងបីនាក់។ បន្ទាប់ពីនាងស្លាប់ទៅ ជនរងគ្រោះដែលជាប្អូនចិញ្ចឹមបានប្រគល់មាសទាំងនោះទៅលោកមេភូមិ ដើម្បីចែកឱ្យកូនៗរបស់ជនសង្ស័យស្មើៗគ្នា។

បន្ទាប់ពី១៦ឆ្នាំក្រោយមក ជនសង្ស័យបានចាប់ផ្ដើមមកទាមទារមាសទាំងនោះពីជនរងគ្រោះ រហូតដល់ប្រើអំពើហិង្សានិងត្រូវជាប់ពន្ធនាគារ២ឆ្នាំ។ កាលពីថ្ងៃកើតហេតុ ជនសង្ស័យបានមកស្រែកសួររកជនរងគ្រោះ ហើយទាញកាំបិតពីស្បោងក្រណាត់ពណ៌ក្រហមកាប់ទៅលើជនរងគ្រោះ។

ជនរងគ្រោះបានចាប់កាំបិតទាន់ ហើយរត់ទៅជួយម្ដាយ រួមគ្នារងរបួសទាំងពីរនាក់ មុនពេលអ្នកជិតខាងមកជួយចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពទទួលស្គាល់ទង្វើរបស់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំការសម្រេចពីតុលាការ។

