ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំជូនមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ឱ្យជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ទនៈជូនប្រជាកសិករ។

សេចក្តីណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយក្តីបារម្ភរបស់ប្រជាកសិករនិងសហគមន៍កសិកម្មអំពីការទទួលបានប្រេងឥន្ធនៈសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល។
ក្នុងសេចក្តីណែនាំ ក្រសួងបានស្នើឱ្យមន្ទីរកសិកម្មរាជធានី-ខេត្ត៖
១. តាមដានស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈក្នុងតំបន់ និងអនុវត្តតាមតារាងតម្លៃផ្លូវការ
២. សម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករយ៉ាងរហ័ស
៣. ផ្សព្វផ្សាយអំពីការប្រើប្រាស់មធ្យោបាយផ្ទុកប្រេងដោយសុវត្ថិភាព
៤. រាយការណ៍បញ្ហាដំឡើងថ្លៃខុសប្រក្រតីជាបន្ទាន់

សេចក្តីណែនាំនេះតម្រូវឱ្យផ្សព្វផ្សាយបន្តទៅការិយាល័យកសិកម្មក្រុង-ស្រុក-ខណ្ឌ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ វិធានការនេះគឺដើម្បីធានាថាប្រជាកសិករអាចទទួលបានប្រេងឥន្ធនៈដោយងាយស្រួល និងតាមតម្លៃសមរម្យសម្រាប់ដំណើរការកសិកម្មរបស់ពួកគេ។
