
ភ្នំពេញ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងជួយការពារ និងបើកច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក។
កិច្ចសន្យាប្រេងឆៅប្រភេទ Brent នាពេលអនាគត បានធ្លាក់ចុះ ២៤ សេន ឬ០.២៣% មកនៅត្រឹម ១០២,៩០ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង ០៧ និង ៤៩ នាទីព្រឹក។ ចំណែកប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,០៧ ដុល្លារ ឬ ១,០៨% មកត្រឹម ៩៧,៦៤ ដុល្លារក្នុង១បារ៉ែល។
សូមជម្រាបថា កិច្ចសន្យាប្រេងទាំង២បានកើនឡើងជាង៤០% នៅក្នុងខែនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ជំរុញឱ្យទីក្រុងតេអេរ៉ង់បិទខ្ទប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។
លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសថា លោកកំពុងតែទាមទារឱ្យប្រទេសនានា ជួយការពារច្រកហ័រមូស ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយប្រទេសជាច្រើនជុំវិញកិច្ចការនេះ។ លោកថា សហរដ្ឋអាមេរិកក៏កំពុងទាក់ទងជាមួយអ៊ីរ៉ង់ផងដែរ ប៉ុន្តែបានសម្តែងការសង្ស័យថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាដើម្បីបញ្ចប់ជម្លោះមួយនេះ៕
អត្ថបទសរសេរដោយ វិរៈបុត្រ
កែសម្រួលដោយ ធីតា
