រាជធានីភ្នំពេញ និងខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដើម្បីប្រគល់ផ្ទះថ្មីចំនួន ៣ខ្នងជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី។ ក្នុងឱកាសនេះ លោកស្រីបានផ្តល់ផ្ទះ ២ខ្នងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកស្រីបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ពិសេសក៏បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។

ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលនេះគឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។





ដោយ៖ តារា
