គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ បង្កក្លិនស្អុយរំខានអ្នកជិតខាង

គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ បង្កក្លិនស្អុយរំខានអ្នកជិតខាង

រាជធានីភ្នំពេញ៖ រឿងចម្លែកដែលគេស្ទើរតែមិនជឿថានឹងកើតមាន នៅពេលគ្រួសារមួយក្នុងរាជធានីភ្នំពេញបានចិញ្ចឹមជ្រូកជាច្រើនក្បាលនៅលើដំបូលផ្ទះល្វែងរបស់ខ្លួន។ រឿងនេះបានធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារក្លិនស្អុយអាចម៌ជ្រូកដែលផ្សាយពាសវាល។

ជ្រូកនៅលើដំបូលផ្ទះ

ទីតាំងចិញ្ចឹមជ្រូកនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានប្រាប់ថា គ្រួសារនេះបានចិញ្ចឹមជ្រូកលើដំបូលផ្ទះយូរមកហើយ ហើយជ្រូកទាំងនោះបានធំធាត់អស់ទៅហើយ។

ទីតាំងចិញ្ចឹមជ្រូក

ដោយសារជាផ្ទះល្វែងជាប់គ្នា ក្លិនស្អុយអាចម៌ជ្រូក និងសំឡេងជ្រូកយំទារបាយស៊ីបានរំខានដល់អ្នកជិតខាងច្រើនគ្រួសារ។ មនុស្សចាស់ ក្មេង និងអ្នកមានជំងឺសុទ្ធតែរងផលប៉ះពាល់គ្រប់ពេលវេលា។

លោក វ៉ា សា វឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់ថា ក្រោយទទួលបានដំណឹង លោកបានចាត់ឲ្យមេភូមិទៅប្រាប់ឲ្យអ្នកចិញ្ចឹមជ្រូកយកជ្រូកចេញ ដោយកំណត់ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

អាជ្ញាធរជួយដោះស្រាយ

ប៉ុន្តែរហូតមកដល់ថ្ងៃទី១៤ ខែមីនា ពួកគាត់នៅមិនទាន់យកជ្រូកចេញសូម្បីតែ១ក្បាលនៅឡើយទេ ដោយពួកគាត់និយាយថា ពិបាកយកចេញព្រោះជ្រូកធំៗពេក។

ជ្រូកធំៗនៅលើដំបូល

លោកចៅសង្កាត់បានថ្លែងថា ប្រសិនបើដល់ថ្ងៃកំណត់ពួកគាត់នៅតែមិនព្រមយកចេញទេ លោកនឹងប្ដឹងខាងបរិស្ថាន ហើយអាជ្ញាធរនឹងមានវិធានការយកជ្រូកនោះចេញ។

នៅវេលាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ គ្រួសារមួយនោះបានចាប់ផ្ដើមចាប់ជ្រូកដាក់ជុចចងខ្សែរ៉តដាក់ចុះចេញពីលើដំបូលផ្ទះហើយ ប៉ុន្តែគេពុំដឹងថា គាត់លក់ឲ្យឈ្មួញ ឬក៏ផ្លាស់ទីយកទៅចិញ្ចឹមបន្តនៅកន្លែងផ្សេងទៀតឡើយ។

ការដកជ្រូកចេញ

កាលពីថ្ងៃទី១៤ ខែមីនា លោកចៅសង្កាត់បានចាត់កម្លាំងមន្ត្រីសង្កាត់ឲ្យចុះទៅវាយកន្លែងដែលអ្នកចិញ្ចឹមជ្រូកសង់ដាក់សំរាមនៅលើចិញ្ចើមផ្លូវមុខផ្ទះគាត់នោះចោលរួចហើយ។

កន្លែងដាក់សំរាមត្រូវវាយចោល

អត្ថបទសរសេរដោយ យន់ ស៊ីថា
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles