កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបញ្ជូននាវាចម្បាំងរបស់សហរដ្ឋអាមេរិកមកកាន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត។

យោងតាមការផ្សាយរបស់ VN Express នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Ali Mohammad Naini បានថ្លែងបែបចំអកថា៖ «តើលោកប្រធានាធិបតី ត្រាំ មិនមែនធ្លាប់និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានកម្ទេចអស់ហើយទេអី? បើវាជាការពិតមែននោះ សាកឲ្យលោកបញ្ជូននាវាចម្បាំងចូលមកក្នុងឈូងសមុទ្រពែរ្សមើល៍ បើលោកឯងហ៊ាន!»។
ការបោះសម្តីដ៏ក្លាហាននេះ កើតឡើងស្របពេលដែលស្ថានភាពនៅច្រកសមុទ្រ Hormuz កំពុងស្ថិតក្នុងភាពច្របូកច្របល់ខ្លាំង។ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការសងសឹកប្រឆាំងនឹងប្រតិបត្តិការរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ចរាចរណ៍នាវាដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះ បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០%។

ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានពណ៌នាថា ស្ថានភាពសន្តិសុខនៅទីនោះកំពុងស្ថិតក្នុងកម្រិតអាសន្ន ដោយសារមាននាវាយ៉ាងហោចណាស់ ២០គ្រឿងហើយ ត្រូវបានគេវាយប្រហារចាប់តាំងពីជម្លោះផ្ទុះឡើង។
ក្នុងស្ថានភាពដ៏ពិបាកនេះ លោកត្រាំ បានព្យាយាមកៀងគរជំនួយអន្តរជាតិ ជាពិសេសនាវាបោសសម្អាតមីន ហើយលោកថែមទាំងបានព្រមានទៀតថា បើសម្ព័ន្ធមិត្តមិនព្រមសហការទេ វាអាចនឹងប៉ះពាល់ដល់អនាគតនៃអង្គការណាតូទៀតផង។

ទោះជាអាមេរិកខំប្រឹងកៀងគរបក្សពួកយ៉ាងណាក៏ដោយ ក៏ទីក្រុងតេហេរ៉ង់នៅតែបន្តបដិសេធចរចាបទឈប់បាញ់ជាមួយវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់សុខចិត្តចរចាលើ «ការធ្វើដំណើរដោយសុវត្ថិភាព» តែជាមួយប្រទេសណាដែលចង់ចរចាដាច់ដោយឡែកពីអាមេរិកប៉ុណ្ណោះ។
