វៀតណាមបានក្លាយជាប្រទេសដែលមានស្តុកប្រេងក្រោមដីច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានបរិមាណដល់ទៅ ៤,៤ ប៊ីលានបារ៉ែល យោងតាមទិន្នន័យឆ្នាំ ២០២៥ ពីក្រុមហ៊ុន BP រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក និងទស្សនាវដ្តី Oil & Gas Journal។

កាសែត VnExpress បានរាយការណ៍ថា ក្រៅពីការឈ្នះជើងឯកនៅក្នុងតំបន់អាស៊ាន បរិមាណប្រេងក្រោមដីដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ធ្វើឱ្យវៀតណាមឡើងដល់ចំណាត់ថ្នាក់ទី ២៥ នៅលើពិភពលោកទាំងមូល។
ស្តុកប្រេងក្រោមដីរបស់វៀតណាមភាគច្រើនស្ថិតនៅតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងប្រទេស ជាពិសេសនៅអាង Cuu Long និងអាង Nam Con Son ដែលស្ថិតនៅភាគខាងកើត និងអាគ្នេយ៍ទីក្រុងហូជីមិញ។ គួរកត់សម្គាល់ថា ជិតពាក់កណ្ដាលនៃស្តុកប្រេងក្រោមដីទាំងអស់ត្រូវបានរកឃើញនៅតំបន់ទាំងនេះ។

ចំណែកឯប្រទេសម៉ាឡេស៊ីវិញ កាន់ចំណាត់ថ្នាក់ទីពីរនៅអាស៊ីអាគ្នេយ៍ ដោយមានស្តុកប្រេងក្រោមដី ២,៧ ប៊ីលានបារ៉ែល រីឯឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទីបីដោយមាន ២,៤ ប៊ីលានបារ៉ែល។
ការរកឃើញប្រេងក្រោមដីដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានជំរុញឱ្យវៀតណាមក្លាយជាអ្នកផលិតប្រេងក្រោមដីសំខាន់មួយក្នុងតំបន់ និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចតំបន់។
