ត្រាំព្រមពន្យារកិច្ចប្រជុំកំពូលជាមួយស៊ី បើចិនមិនជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz

ត្រាំព្រមពន្យារកិច្ចប្រជុំកំពូលជាមួយស៊ី បើចិនមិនជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz

ស្របពេលតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅចុងខែមីនានេះ អាចត្រូវពន្យារពេល ប្រសិនបើទីក្រុងប៉េកាំងមិនជួយធានាសុវត្ថិភាពនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ឡើងវិញ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យទី១៥ខែមីនា ឆ្នាំ២០២៦ លោកត្រាំរំពឹងថាប្រទេសចិននឹងដើរតួនាទីក្នុងការបន្ធូរបន្ថយការរំខាននានាក្នុងផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់នេះ មុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ខែមីនា ដល់ថ្ងៃទី០២ខែមេសា។

ដោយកិច្ចប្រជុំនេះនៅសល់ប្រហែលពីរសប្តាហ៍ទៀតប៉ុណ្ណោះ លោកត្រាំនិយាយថា៖«ទីក្រុងវ៉ាស៊ីនតោនចង់បានភាពច្បាស់លាស់ […] ហើយយើងអាចនឹងពន្យារពេល(ប្រជុំ)»។

ច្រកសមុទ្រ Hormuz

មិនតែប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ទី១៤ខែមីនា ឆ្នាំ២០២៦ លោកត្រាំបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖«មិនថាដោយវិធីណាក៏ដោយ យើងនឹងធ្វើឱ្យច្រកសមុទ្រ Hormuz បើកចំហ មានសុវត្ថិភាព និងមានសេរីភាព ក្នុងពេលឆាប់ៗនេះឱ្យបាន»។

ការអត្ថាធិប្បាយនេះបានកើតឡើងពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុងប៉ារីសសម្រាប់កិច្ចពិភាក្សាបឋមទាក់ទងនឹងកិច្ចប្រជុំកំពូលដែលស្នើឡើង។

កិច្ចប្រជុំត្រាំ-ស៊ី

យ៉ាងណាទីក្រុងប៉េកាំងមិនទាន់បានបញ្ជាក់ជាផ្លូវការពីកាលបរិច្ឆេទនៅឡើយទេ។

លោកត្រាំនិយាយទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទថា លោកបានជំរុញឱ្យប្រទេសប្រហែល៧ ពង្រាយនាវាចម្បាំង ដើម្បីជួយរក្សាច្រកសមុទ្រ Hormuz បើកចំហឡើងវិញ ទោះបីជាលោកទទួលស្គាល់ថាមិនទាន់មានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ណាមួយត្រូវបានធានានៅឡើយ ខណៈតម្លៃប្រេងកើនឡើង អំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់៕

administrator

Related Articles