កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងដកហូតម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ។ ក្រុមក្មេងទំនើងទាំងនេះត្រូវបានចាប់ខ្លួននៅតំបន់ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងតំបន់ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បន្ទាប់ពីការព្រមាន និងអប់រំណែនាំ ម្ចាស់ម៉ូតូទាំងអស់ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស។ ម៉ូតូចំនួន ១១គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង៣គ្រឿងទៀតរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
