សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់អង្គការណាតូ (NATO) ដោយថានឹងដកការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើសម្ព័ន្ធមិត្តមិនជួយបើកច្រកសមុទ្រហ័រមូស (Hormuz) ដែលកំពុងត្រូវអ៊ីរ៉ង់បិទជិត។

នៅក្នុងកិច្ចសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖ «បើគ្មានការឆ្លើយតប ឬមានការឆ្លើយតបអវិជ្ជមាន ខ្ញុំគិតថាវានឹងអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់អង្គការណាតូ»។
លោកបានបន្ថែមថា៖ «យើងមិនចាំបាច់ជួយពួកគេជាមួយអ៊ុយក្រែននោះទេ។ អ៊ុយក្រែនមានចម្ងាយរាប់ពាន់ម៉ាយពីយើង ប៉ុន្តែយើងបានជួយពួកគេ។ ឥឡូវនេះ យើងនឹងឃើញថា តើពួកគេជួយយើងឬអត់។ ពីព្រោះខ្ញុំបាននិយាយយូរមកហើយថា យើងនឹងនៅទីនោះសម្រាប់ពួកគេ ប៉ុន្តែពួកគេនឹងមិននៅទីនោះសម្រាប់យើងទេ»។

លោកត្រាំក៏បានលើកឡើងពីតួនាទីរបស់ចិនក្នុងបញ្ហានេះដែរ ដោយថា៖ «ខ្ញុំគិតថា ប្រទេសចិនគួរតែជួយដែរ ព្រោះប្រទេសចិនទទួលបានប្រេង៩០% របស់ខ្លួនពីច្រកសមុទ្រនេះ»។
ជាងនេះទៅទៀត លោកបានបង្ហាញថា ការប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) អាចនឹងត្រូវពន្យារពេល ដោយលោកចង់ដឹងពីជំហររបស់ទីក្រុងប៉េកាំងមុនពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីនោះ។
គួររំលឹកថា កាលពីសប្តាហ៍មុន លោកត្រាំបានអំពាវនាវដល់ប្រទេសនានាឱ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់ច្រកហ័រមូស ដើម្បីធានាសុវត្ថិភាពផ្លូវដឹកជញ្ជូនប្រេង ខណៈដែលកងកម្លាំងអ៊ីរ៉ង់បន្តវាយប្រហារកប៉ាល់ដឹកជញ្ជូន។
ប្រធានាធិបតីអាមេរិកបានលើកឡើងថា ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីផ្លូវដឹកជញ្ជូនច្រកសមុទ្រហ័រមូស គួរតែជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះ។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយ Reuters, BBC និង Chosun នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
