ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់ រួមទាំងក្មេងប្រុសពីរនាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងមន្ត្រីប៉ូលិស៩នាក់។

ការវាយប្រហារមួយកាលពីថ្ងៃអាទិត្យបានកំណត់គោលដៅលើកន្លែងស្នាក់នៅមួយក្នុងជំរំជនភៀសខ្លួនក្នុងទីក្រុង Nuseirat កណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស៤នាក់ រួមទាំងប្តីប្រពន្ធមួយគូ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមមន្ទីរពេទ្យ Al-Aqsa ក្បែរនោះ ដែលស្រង់ផ្សាយដោយ Al Jazeera ផ្សាយថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៦។
លោក Mahmoud al-Muhtaseb អ្នកនៅក្បែរតំបន់វាយប្រហារ បានលើកឡើងថា៖«ការវាយប្រហារដោយមីស៊ីលកើតឡើងពេលដែលយើងកំពុងដេកលក់។ ការវាយប្រហារនោះខ្លាំងណាស់ និងមិនមានការព្រមានជាមុនទេ»។

ក្រសួងមហាផ្ទៃនៅតំបន់ហ្គាហ្សា បានឱ្យដឹងថា ការទម្លាក់គ្រាប់បែកនេះបានសម្លាប់មន្ត្រីប៉ូលិសចំនួន៩នាក់ រួមទាំងវរសេនីយ៍ឯក និងមន្ត្រីប៉ូលិសជាន់ខ្ពស់នៅកណ្តាលហ្គាហ្សា។
មន្ទីរពេទ្យ Al-Aqsa ផ្នែកទទួលសាកសព បានបញ្ជាក់ថា មានចំនួនអ្នកស្លាប់១៣នាក់ និងមាន១៤នាក់ផ្សេងទៀតរងរបួស។
ក្រសួងលើកឡើងថា៖ «យើងថ្កោលទោសឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅរសៀលនេះ នៅពេលដែលពួកគេបានទម្លាក់គ្រាប់បែកលើរថយន្តប៉ូលិសមួយគ្រឿង[…] មន្ត្រី និងបុគ្គលិកកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ អំឡុងពេលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន(Ramadan)»។

យ៉ាងណាមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលអំពីការវាយប្រហារនេះទេ។
ការស្លាប់នៅថ្ងៃអាទិត្យគឺជាករណីចុងក្រោយបំផុតក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅតំបន់ឆ្នេរសមុទ្រចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសព្យាយាមបញ្ឈប់សង្គ្រាមប្រល័យពូជសាសន៍ជាងពីរឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ ណឺ មិនា
