ត្រាំព្រមានណាតូអនាគតអាក្រក់ បើមិនជួយបើកច្រកសមុទ្រហរមុហ្ស

ត្រាំព្រមានណាតូអនាគតអាក្រក់ បើមិនជួយបើកច្រកសមុទ្រហរមុហ្ស

ត្រាំព្រមានណាតូ

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការព្រមានយ៉ាងធ្ងន់ធ្ងរថា អង្គការណាតូ (NATO) អាចប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តយូរឆ្នាំនេះបរាជ័យក្នុងការជួយបើកច្រកសមុទ្រហរមុហ្ស ដែលត្រូវបិទដោយអ៊ីរ៉ង់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

ក្នុងបទសម្ភាសន៍ជាមួយកាសែត The Financial Times កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី លោករំពឹងថាអឺរ៉ុបនឹងជួយលើច្រកសមុទ្រហរមុហ្ស។ ការបិទច្រកនេះបានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅជុំវិញពិភពលោក។

ច្រកសមុទ្រហរមុហ្ស

លោកត្រាំបានរិះគន់សម្ព័ន្ធមិត្តណាតូក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថា «បន្ទុកនានាធ្លាក់សហរដ្ឋអាមេរិក»។ លោកបាននិយាយថា៖ «ប្រសិនបើមិនមានការឆ្លើយតប ឬប្រសិនបើវាជាការឆ្លើយតបអវិជ្ជមាន ខ្ញុំគិតថាវានឹងអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់ណាតូ»។

លោកត្រាំបន្តថា៖ «វាសមណាស់ថាមនុស្សដែលជាអ្នកទទួលផលពីច្រកសមុទ្រនេះនឹងជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះទេ»។

ការចរចាអន្តរជាតិ

ពេលអ្នកសារព័ត៌មានសួរពីជំនួយជាក់លាក់ដែលលោកកំពុងត្រូវការ លោកត្រាំប្រាប់សារព័ត៌មាន FT ថា៖ «យើងចង់បានអ្នកបោសសម្អាតមីន ក៏ដូចជាមនុស្សដែលនឹងកម្ចាត់ជនអាក្រក់មួយចំនួននៅតាមបណ្តោយឆ្នេរសមុទ្រ [អ៊ីរ៉ង់]»។

លោកត្រាំបន្ថែមថា លោកកំពុងចរចាជាមួយប្រទេសចំនួន៧ ទាក់ទងនឹងការធានាសុវត្ថិភាពច្រកសមុទ្រហរមុហ្ស។ លោកក៏បាននិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងជាមួយអ៊ីរ៉ង់ ប៉ុន្តែលោកសម្តែងការសង្ស័យថាទីក្រុងតេហេរ៉ង់មិនមានឆន្ទៈពិតប្រាកដក្នុងការចូលរួមចរចា ដើម្បីបញ្ជប់ជម្លោះទេ។

លោកត្រាំប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One ថា៖ «រដ្ឋបាលរបស់យើងកំពុងនិយាយជាមួយអ៊ីរ៉ង់ ប៉ុន្តែខ្ញុំមិនគិតថាពួកគេត្រៀមខ្លួនរួចរាល់ទេ»។

administrator

Related Articles