ត្រាំគំរាមចិន-អូតង់ ជប៉ុន-អូស្ត្រាលីបដិសេធជួយទម្លាយការបិទច្រកហើមូស

ត្រាំគំរាមចិន-អូតង់ ជប៉ុន-អូស្ត្រាលីបដិសេធជួយទម្លាយការបិទច្រកហើមូស

សង្គ្រាមអ៉ីរ៉ង់

សង្គ្រាមនៅអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី១៧ ខណៈអ៉ីស្រាអែលបន្តវាយប្រហារទីតាំងស្តុកប្រេងនៅក្រុងតេហេរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោកអាប់បាស់អារ៉ាសជីបរិហារថា នេះជាការរំលោភបំពានច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រីរូបនោះបន្តថា ការវាយប្រហារទីតាំងស្តុកប្រេងបែបនេះនាំឲ្យប្រជាជនជួបប្រទះផលវិបាកអាក្រក់ដល់សុខភាពរយៈពេលយូរ និងនាំឲ្យមានការបំពុលដីប៉ះពាល់ដល់មនុស្សច្រើនជំនាន់។

ច្រកសមុទ្រហើមូស

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែគាបសង្កត់ចិន និងគំរាមអូតង់ ដើម្បីឲ្យពួកគេជួយទំលាយការបិទខ្ទប់ច្រកសមុទ្រហើមូសដោយអ៉ីរ៉ង់។ លោកត្រាំថ្លែងទៅកាន់កាសែត Financial Times ថា វាជារឿងធម្មតាទេដែលពួកអ្នកទាញយកប្រយោជន៍ពីច្រកសមុទ្រនោះ រួមចំណែកធ្វើបែបណាកុំឲ្យមានអ្វីកើតឡើងនៅទីនោះ។

លោកព្យាករណ៍ទុកថា នឹងមានផលវិបាកអាក្រក់បំផុតសម្រាប់អនាគតអូតង់ក្នុងករណីបដិសេធសំណើជួយការពារសន្តិសុខច្រកសមុទ្រនេះ។ លោកត្រាំក៏គំរាមចិនដែរថា លោកនឹងពន្យារពេលការធ្វើដំណើរជាផ្លូវការរបស់លោកទៅកាន់ចិន ដែលគ្រោងនាថ្ងៃទី៣១ មីនា ទៅថ្ងៃទី២ មេសា។

ចំណែកប្រទេសជប៉ុននិងអូស្ត្រាលី បានបដិសេធសំណើរបស់លោកត្រាំ ឲ្យបញ្ជូននាវាចម្បាំងទៅជួយអមការពារនៅច្រកសមុទ្រហើមូស។ ប្រទេសទាំង២នោះឲ្យដឹង កាលពីថ្ងៃទី១៦មីនា ថា សម្រាប់ពេលនេះ ពួកគេមិនគ្រោងបញ្ជូននាវាចម្បាំងទៅជួយការពារសន្តិសុខនៅច្រកសមុទ្រហើមូសឡើយ។

កងទ័ពអ៉ីស្រាអែលប្រកាសនាព្រឹកព្រលឹមថ្ងៃទី១៦ មីនា ថា បានវាយប្រហារទ្រង់ទ្រាយធំ លើបណ្ដាហេដ្ឋារចនាសម្ព័ន្ធនៃរបបអ៉ីរ៉ង់នៅក្រុងតេហេរ៉ង់។ អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែលថ្លែងថា យើងមានផែនការច្បាស់លាស់មួយ ហើយយើងនៅសល់គោលដៅវាយប្រហារច្រើនពាន់ទៀតនៅក្រុងតេហេរ៉ង់។

ទោះបីយ៉ាងណាអ៉ីរ៉ង់នៅតែបន្តវាយប្រហារលើអ៉ីស្រាអែលវិញដែរ។ មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់បន្តវាយប្រហារប្រទេសបារ៉ែន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមនាព្រឹកថ្ងៃទី១៦មីនា៕

ប្រភព៖ EURONEWS

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles