
ថៃអាចនឹងខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៤០ ប៊ីលានបាត (ប្រហែល ១២៥ លានដុល្លារ) ដោយសារជម្លោះនៅមជ្ឈិមបូព៌ាដែលពាក់ព័ន្ធអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការបិទដែនអាកាសអាចបន្តរយៈពេលរហូតដល់ ៨ សប្ដាហ៍។

ក្រសួងទេសចរណ៍ និងកីឡាថៃបានឱ្យដឹងថា ការបិទដែនអាកាសនៅតំបន់ជម្លោះនៅតែបន្ត ប៉ុន្តែអាកាសចរណ៍ស៊ីវិលនៅតែដំណើរការបាន។ លោកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ក្រសួងទេសចរណ៍ និងកីឡា បាននិយាយថា អ្នកធ្វើដំណើរពីមជ្ឈិមបូព៌ា និងអឺរ៉ុបត្រូវបានរារាំងយ៉ាងខ្លាំង។
ក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗនៅតំបន់ឈូងសមុទ្រពែរ្សដូចជា Emirates និង Etihad Airways បានបន្តជើងហោះហើរតែមួយចំនួនតូចប៉ុណ្ណោះ។ ក្រសួងបានវាយតម្លៃផលប៉ះពាល់ទេសចរណ៍ដោយប្រើសេណារីយ៉ូ ៣ យ៉ាង៖ ប្រសិនបើដែនអាកាសត្រូវបិទរយៈពេល ៣, ៤, និង ៨ សប្តាហ៍។

ប្រសិនបើដែនអាកាសនៅតែបិទរយៈពេល ៨ សប្តាហ៍ ឬយូរជាងនេះ ចំនួនភ្ញៀវទេសចរបរទេសអាចធ្លាក់ចុះជាងកន្លះលាននាក់ ឬជាង ៥៩៥,០០០ នាក់ ដែលបណ្ដាលឱ្យខាតបង់ប្រាក់ ៤០,៩ ប៊ីលានបាត។
លោកស្រី Natthriya បានព្រមានថា ក្រុមហ៊ុនអាកាសចរណ៍អាចនឹងដំឡើងថ្លៃសំបុត្រក្នុងរដូវក្តៅ ដោយសារតម្លៃប្រេងឡើងខ្ពស់។ បញ្ហានេះអាចប៉ះពាល់ដល់ភ្ញៀវទេសចរមកពីគ្រប់ទីផ្សារ ជាពិសេសអឺរ៉ុប និងមជ្ឈិមបូព៌ា។

ថៃមានគម្រោងផ្តោតការយកចិត្តទុកដាក់បន្ថែមលើទីផ្សារជិតៗដូចជាម៉ាឡេស៊ី ឥណ្ឌា និងកូរ៉េខាងត្បូងជាដើម។ ជម្លោះមជ្ឈិមបូព៌ាផ្តល់ឱកាសមួយដើម្បីផ្សព្វផ្សាយប្រទេសថៃជាមជ្ឈមណ្ឌលអាកាសចរណ៍ ដោយភ្ជាប់ជើងហោះហើរពីអាស៊ី និងអាស៊ីអាគ្នេយ៍ទៅអឺរ៉ុប។
