ខេត្តបាត់ដំបង៖ ក្រុមជនវង្វេងផ្ទះពេលយប់ចំនួន១៧នាក់ ដែលពួនសំងំតាមបណ្ដាសួនច្បារនានាក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងបង្កបង្ក្រាបនៃស្នងការខេត្តចុះល្បាតប្រមូលបានក្នុងរយៈពេល៥ម៉ោង។

ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បាននិយាយថា ក្រុមជនវង្វេងផ្ទះទាំងនេះភាគច្រើនត្រូវបានរកឃើញថាមានប្រើប្រាស់ថ្នាំញៀន និងមួយចំនួនទៀតបន្លំខ្លួនធ្វើជាអ្នកជិះកង់ដើររើសអេតចាយពេលយប់ ដែលជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្ម។
លោកស្នងការរងបានបញ្ជាក់ថា ក្រុមវង្វេងផ្ទះទាំង១៧នាក់ដែលកម្លាំងរបស់លោកឃាត់ខ្លួនយកមកសាកសួរនេះ បានធ្វើតេស្ដទឹកនោម ហើយរកឃើញមានចំនួន១៦នាក់មានសារធាតុញៀន។

នេះមិនមែនជាលើកដំបូងទេ ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងប្រមូលក្រុមវង្វេងផ្ទះពេលយប់នាំយកមកសួរនាំ ហើយរកឃើញថាពួកគេមានប្រើប្រាស់ថ្នាំញៀន។ ក្រុមអ្នកដើរលេងវង្វេងផ្ទះពេលយប់នេះមានសមាសសភាពគ្រប់បែបយ៉ាង ក្នុងនោះមានមុខសញ្ញាប្រើប្រាស់ថ្នាំញៀន មុខសញ្ញាជូញដូរថ្នាំញៀន និងមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មទៀតផង។
យ៉ាងណាក្ដី ចំពោះជនវង្វេងផ្ទះទាំងនេះ បើតាមលោកឈឿង គឹមសុង បានបញ្ជាក់ថា ដោយយោងលើគោលការណ៍លោកស្នងការខេត្ត ជនដែលរកឃើញមានសារធាតុញៀន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត។ រីឯជនណាដែលជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែកជនដែលពុំមានបទល្មើស ត្រូវអញ្ជើញអាណាព្យាបាលមកធានាកូនយកត្រឡប់ទៅផ្ទះវិញ។
