ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក។

សម្តេចបានធ្វើការស្នើនេះក្នុងពេលជាអធិបតីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

លោកស្រី ជូ ប៊ុនអេង សមាជិកសមាគមនារីអចិន្ត្រៃយ៍ បានរាយការណ៍អំពីវឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក ដែលមានភាពល្អប្រសើរជាងមុន និងមានភាពស៊ីសង្វាក់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិ។ ក្រុមការងាររៀបចំសន្និបាតក៏បានត្រៀមរៀបចំរួចរាល់នូវឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាតនាពេលខាងមុខ។
លោកស្រី មាន សំអាន សមាជិកសមាគមនារី ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងបានពិភាក្សាដើម្បីរកដំណោះស្រាយសម្រាប់អនុវត្តបន្តនាពេលខាងមុខ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះលោកជំទាវទាំងពីរ និងក្រុមការងារថ្នាក់ដឹកនាំស្ដ្រីទាំងអស់ដែលបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
សម្តេចបានស្នើឱ្យក្រុមការងារថ្នាក់ដឹកនាំស្ដ្រីទាំងអស់បន្តយកចិត្តទុក្ខដាក់តាមដាននូវវឌ្ឍនៈភាពសភាពការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងលឿន និងត្រូវធ្វើបច្ចុប្បន្នភាពឯកសារពាក់ព័ន្ធឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន។
ក្នុងកិច្ចប្រជុំនេះ ក៏បានដាក់របៀបវរៈចំនួន៦ដើម្បីឆ្លងត្រៀមធ្វើសន្និបាត រួមមាន៖ របាយការណ៍វឌ្ឍនៈភាពការងារ កាលបរិច្ឆេទ និងទីកន្លែងរៀបចំធ្វើសន្និបាត និងកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធការងារដែលរីកចម្រើនសម្រាប់ស្ដ្រីកន្លងមក និងបន្ដការងារសម្រាប់ឆ្នាំបន្ទាប់។
