សម្តេច ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈ សុំសេចក្តីសុខចម្រើនជូនប្រទេសជាតិ

សម្តេច ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈ សុំសេចក្តីសុខចម្រើនជូនប្រទេសជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក តាមជំនឿសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នារសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ពិធីថ្វាយគ្រឿងសក្ការៈ

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដោយបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃ និងឧទ្ទិសដល់ដួងវិញ្ញានក្ខន្ធ និងបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង ៧សណ្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើន សម្បូរណ៍រុងរឿង។

សម្តេចម៉ែនសំអននៅពិធី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារចៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពីគ្រោះរាំងស្ងួត៕

ពិធីបូជាទៀនធូប

អ្នកចូលរួមក្នុងពិធី

ពិធីសាសនាប្រពៃណី

ពិធីថ្វាយគ្រឿងសក្ការៈនៅក្រចេះ

ដោយ៖ សំរិត

administrator

Related Articles