ថ្ងៃអាទិត្យទី១៥មីនា – អ៊ីរ៉ង់បានចេញការព្រមានខ្លាំងៗទៅកាន់ប្រទេសនានានៅក្នុងតំបន់ឈូងសមុទ្រ ដោយទាមទារឲ្យពួកគេនៅឆ្ងាយពីសង្គ្រាមដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ា។ ការព្រមាននេះបានកើតឡើងក្រោយពីមូលដ្ឋានទ័ពរួមអាមេរិក-អ៊ីតាលីនៅគុយវ៉ែតត្រូវវាយប្រហារដោយយន្តហោះដ្រូន។

យោងតាមរបាយការណ៍ព័ត៌មាន CNN ការព្រមានរបស់ទីក្រុងតេហេរ៉ង់បានធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសដទៃធ្វើការជាមួយអាមេរិក ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស (Hormuz) ដ៏សំខាន់។ ការបិទច្រកនាំចេញប្រេងនេះបានធ្វើឲ្យទីផ្សារថាមពលធ្លាក់ចូលទៅក្នុងភាពចលាចល។
សារដ៏មុតស្រួចរបស់អ៊ីរ៉ង់បានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលីរាយការណ៍ថា មូលដ្ឋានទ័ព Ali Al Salem នៅគុយវ៉ែត ដែលមានវត្តមានកងទ័ពអាមេរិក និងអ៊ីតាលី ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន។ អ៊ីរ៉ង់បានប្រាប់ប្រទេសជិតខាងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ថា មូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេកំពុងត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារ។

ការវាយប្រហារនៅមូលដ្ឋានទ័ពអាកាស Ali Al Salem បានបំផ្លាញយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលជាកម្មសិទ្ធិរបស់អ៊ីតាលី ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ។ នេះជាការវាយប្រហារលើកទីពីរលើមូលដ្ឋានទ័ពអ៊ីតាលីនៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានព្យាយាមបន្ថយការវាយប្រហារនេះដោយបញ្ជាក់ថា «ខ្លួនមិនធ្វើសង្គ្រាមជាមួយអ្នកណាម្នាក់ទឡើយ»។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បន្តព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
អត្ថបទ៖ សាង ស្រីល័ក្ខ
