អ៊ីរ៉ង់បានបដិសេធយ៉ាងច្បាស់លាស់នូវការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាទីក្រុងតេហេរ៉ង់ចង់បានបទឈប់បាញ់ ដោយបញ្ជាក់ថាខ្លួនមិនបានស្នើសុំការចរចាណាមួយជាមួយសហរដ្ឋអាមេរិកឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើការបញ្ជាក់ជំហរជាថ្មីកាលពីថ្ងៃអាទិត្យទី១៥មីនា ដោយបដិសេធការអះអាងរបស់លោកត្រាំ។ លោក Araghchi បាននិយាយក្នុងបទសម្ភាសន៍ជាមួយ CBS ថា៖ «យើងមិនឃើញមានហេតុផលណាមួយដើម្បីធ្វើការសន្ទនាជាមួយសហរដ្ឋអាមេរិកនោះទេ ពីព្រោះពួកគេបានសម្រេចចិត្តវាយប្រហារយើង ខណៈពេលដែលភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចាគ្នា។ ហេតុដូច្នេះ មិនមានបទពិសោធន៍ល្អក្នុងការនិយាយជាមួយអាមេរិកទេ»។
ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកត្រាំបាននិយាយថា អ៊ីរ៉ង់ចង់បានបទឈប់បាញ់ និងថាទីក្រុងវ៉ាស៊ីនតោនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ជាមួយទីក្រុងតេហេរ៉ង់ទេ ដោយសារតែ«លក្ខខណ្ឌបច្ចុប្បន្នមិនល្អគ្រប់គ្រាន់»។

លោក Araghchi បានបន្ថែមថា អ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់សម្រាប់ការសន្ទនាជាមួយប្រទេសដែលចង់ចរចាលើការអនុញ្ញាតឲ្យនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បានអះអាងថា ខ្លួនគ្រប់គ្រងផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ហើយកប៉ាល់ទាំងអស់របស់«សត្រូវ» រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ឡើយ។
នៅក្នុងបទសម្ភាសន៍ផ្សេងទៀតជាមួយទីភ្នាក់ងារសារព័ត៌មាន Al-Araby Al-Jadeed លោក Araghchi បាននិយាយថា ការប្រយុទ្ធគ្នានឹងបញ្ចប់លុះត្រាតែអ៊ីរ៉ង់«ប្រាកដថា វានឹងមិនកើតឡើងម្តងទៀតទេ ហើយសំណងនឹងត្រូវបានបង់»។ លោកក៏បានផ្ញើសារដ៏លំបាកមួយទៅកាន់ប្រទេសជិតខាងអារ៉ាប់ ដោយប្រកាសថា ទីក្រុងតេហេរ៉ង់មាន«ភស្តុតាងគ្រប់គ្រាន់» ដែលមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសទាំងនោះ កំពុងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារអ៊ីរ៉ង់។

អត្ថបទ៖ សាង ស្រីល័ក្ខ
