ជួញថ្នាំញៀនទ្រង់ទ្រាយធំ! សមត្ថកិច្ចពោធិ៍សាត់ចាប់ខ្លួន៣នាក់ ដកហូតគ្រឿងញៀនជាង១គីឡូក្រាម

ជួញថ្នាំញៀនទ្រង់ទ្រាយធំ! សមត្ថកិច្ចពោធិ៍សាត់ចាប់ខ្លួន៣នាក់ ដកហូតគ្រឿងញៀនជាង១គីឡូក្រាម

ពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានបញ្ជូនជនសង្ស័យ០៣នាក់ទៅកាន់តុលាការ ក្រោយពីធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំង៣កន្លែងផ្សេងគ្នា និងដកហូតថ្នាំញៀនជាង១គីឡូក្រាម។

ថ្នាំញៀនដែលដកហូតបាន

ការប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានធ្វើប្រតិបត្តិការក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះបង្ក្រាបចំនួន៣គោលដៅផ្សេងគ្នា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ គោលដៅទី១នៅភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ៤៦ឆ្នាំ។ គោលដៅទី២នៅភូមិមាន់ចែ សង្កាត់ព្រៃញី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ទិត្យបញ្ញា (ហៅញ្ញា) អាយុ៣៩ឆ្នាំ។ គោលដៅទី៣នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ស័ក្កសេនា (ហៅតុ) អាយុ៣៧ឆ្នាំ។

វត្ថុតាងដែលដកហូតបាន

សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ធំ ដែលមានទម្ងន់សរុបដល់ទៅ១,១៥៥.៦០ក្រាម (ជាង១គីឡូក្រាម) រួមជាមួយជញ្ជីងថ្លឹង និងឧបករណ៍សេពមួយចំនួនទៀត។ វត្ថុតាងសរុបដែលដកហូតបានរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនសរុបជាង១.១៥គីឡូក្រាម ទូរសព្ទ៣គ្រឿង ម៉ូតូ១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន និងឧបករណ៍ប្រើប្រាស់។

ជនសង្ស័យទាំង៣នាក់ សុទ្ធតែមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន (+)។ តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះជារបស់ខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ អែម កុសល់ (ដែលកំពុងរត់គេចខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលនៅសេសសល់។

administrator

Related Articles