ភ្នំពេញ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខកាត់បន្ថយការព្រួយបារម្ភជុំវិញអាវុធនុយក្លេអ៊ែរ ដោយអះអាងយ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងមិនដែលប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ីរ៉ង់ឡើយ ទោះបីជាសង្គ្រាមកំពុងឆេះរោលរាលខ្លាំងក៏ដោយ។

ការអះអាងនេះធ្វើឡើងក្រោយពីទីប្រឹក្សាផ្ទាល់របស់លោក លោក David Saks បានលើកឡើងពីលទ្ធភាពអ៊ីស្រាអែលប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមរីករាលដាលខ្លាំង។ លោកត្រាំបានបញ្ជាក់ត្រង់ៗថា «អ៊ីស្រាអែលមិនធ្វើបែបនោះទេ» ហើយលោក Saks ក៏មិនដែលពិភាក្សារឿងនេះជាមួយលោកដែរ។
ស្ថានភាពបច្ចុប្បន្ន កងទ័ពអាមេរិក និងអ៊ីស្រាអែល នៅតែបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមពីចុងខែមុន។ ប្រតិបត្តិការនេះបានបណ្តាលឲ្យមេដឹកនាំកំពូល Ayatollah Ali Khamenei និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ (IRGC) ជាច្រើនរូបបាត់បង់ជីវិត។

លោកត្រាំបានពណ៌នាថា អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ហើយជួរថ្នាក់ដឹកនាំកំពុងដួលរលំបណ្តើរៗ។ ទោះបីជាមិនទាន់មានការបញ្ជូនកងទ័ពជើងគោកចូលទៅក៏ដោយ ប៉ុន្តែលោកត្រាំក៏មិនបានច្រានចោលជម្រើសនេះដែរ ដោយសង្កត់ធ្ងន់ថា អាមេរិកនឹងចូលរួមដរាបណាទាល់តែចាំបាច់មែនទែន។
ភាគីកងទ័ពអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ការវាយប្រហារនឹងបន្តយ៉ាងហោចណាស់៣សប្តាហ៍ទៀត ហើយអាចអូសបន្លាយរហូតដល់ពិធីបុណ្យ Passover របស់ជនជាតិយូដា។ អ្នកនាំពាក្យ IDF លោកឧត្តមសេនីយ៍ Effie Defrin បានប្រាប់ CNN ថា អ៊ីស្រាអែលនៅមានគោលដៅរាប់ពាន់ទៀតត្រូវកម្ទេច ហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអាមេរិក។
