ខេត្តត្បូងឃ្មុំ – ហេតុការណ៍ឃាតកម្មសាហាវមួយបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដោយមានជនស្លាប់សរុប ៣នាក់ រួមមានស្ត្រីថៅកែអង្ករ គូដណ្ដឹងថ្មី និងជនដៃដល់ដែលបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

យោងតាមការស៊ើបអង្កេតដំបូង ជនដៃដល់ឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ដែលជាអ្នករកស៉ីអង្ករដូចគ្នា បានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ស្ត្រីឈ្មោះ គីម លាងអេង អាយុ៤២ឆ្នាំ ដែលជាម្ចាស់ឃ្លាំងអង្ករ និងបុរសឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ ដែលជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ។
មូលហេតុដំបូងបង្ហាញថា ករណីនេះផ្ដើមចេញពីភ្លើងប្រចណ្ឌ នៅពេលដែលជនដៃដល់ខឹងសម្បាយ៉ាងខ្លាំង ដោយសារស្ត្រីរងគ្រោះមិនព្រមស្រឡាញ់រូបគេ បែរជាទៅស្រឡាញ់អ្នកផ្សេង និងយល់ព្រមភ្ជាប់ពាក្យជាមួយបុរសថ្មីនៅចុងខែមីនានេះ។

បើតាមសេចក្ដីរាយការណ៍ ស្ត្រីរងគ្រោះ និងជនដៃដល់ធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក ប៉ុន្តែទំនាក់ទំនងនោះបានចប់ដោយសារស្ត្រីរងគ្រោះបានជ្រើសរើសអ្នកផ្សេង។ ការខឹងសម្បានេះបានឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយជនដៃដល់បានប្រើកាំភ្លើងបាញ់សម្លាប់គូស្នេហ៍ថ្មី និងស្ត្រីរងគ្រោះ មុននឹងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត ដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដ និងដំណើរការស៊ើបអង្កេតឱ្យបានច្បាស់លាស់។ ករណីនេះបានធ្វើឱ្យសហគមន៍មានការភ័យខ្លាច និងសោកស្តាយយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកើតចេញពីភ្លើងប្រចណ្ឌ។
