ភ្នំពេញ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទៅត្រួតពិនិត្យការបាញ់សាកល្បងប្រព័ន្ធរ៉ុក្កែតចម្រុះទំហំ៦០០មីលីម៉ែត្រ កាលពីថ្ងៃទី១៤ មីនា ដែលអាចបាញ់ចំគោលដៅ និងត្រួតពិនិត្យកងកាំភ្លើង២កង។

តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោកគីម ជុងអ៊ុន បានថ្លែងថា៖ “តាមរយៈការបាញ់សាក ពួកសត្រូវអាចរងការវាយប្រហារក្នុងរង្វង់ដល់៤២០គីឡូម៉ែត្រ និងអាចជួបកម្លាំងបំផ្លាញដ៏ខ្លាំងដូចនុយក្លេអ៊ែរតាក់ទិក។”
អាវុធថ្មីនេះត្រូវបានកូរ៉េខាងជើងបង្ហាញជាផ្លូវការកាលពីខែកុម្ភៈថា ជាអាវុធស៊ីដាច់គេលើពិភពលោក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

KCNA អះអាងថា គ្រាប់រ៉ុក្កែតនោះអាចវាយប្រហារគោលដៅលើកោះមួយនៃសមុទ្រខាងកើត ក្នុងចម្ងាយប្រមាណជា៣៦៤,៤គីឡូម៉ែត្រ ជាមួយការបាញ់ចំគោលដៅ១០០% និងមានសមត្ថភាពបំផ្លាញខ្លាំងបំផុត។
មេដឹកនាំកូរ៉េខាងជើងបានសម្ដែងការអបអរសាទរចំពោះប្រព័ន្ធបាញ់រ៉ុក្កែតនេះ ដែលលោកថាជាអាវុធមហាប្រល័យ និងគួរឲ្យទាក់ទាញបំផុត។
ការបាញ់សាកល្បងប្រព័ន្ធរ៉ុក្កែតចម្រុះធុនធំនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមយុទ្ធយោធារួម ដែលគ្រោងធ្វើរហូតដល់ថ្ងៃទី១៩មីនា ចូលរួមដោយកងទាហានកូរ៉េខាងត្បូង និងអាមេរិកប្រមាណ១៨០០០នាក់។
