ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ជួបជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែមីនានេះ ដោយមានការអំពាវនាវពីរដ្ឋមន្ត្រីកូរ៉េខាងត្បូងកុំឲ្យបោះបង់ឱកាសនេះ។

តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងលោក CHUNG DONG YOUNG បានអំពាវនាវកាលពីថ្ងៃទី១៦ មីនាថា កូរ៉េខាងជើងមិនគួរឲ្យបាត់បង់ឱកាសភ្ជាប់ការចរចាឡើងវិញជាមួយសហរដ្ឋអាមេរិកទេ។
លោករដ្ឋមន្ត្រីបានថ្លែងទៅកាន់អ្នកកាសែតថា “ជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងលើការជួបគ្នាកំពូលកូរ៉េខាងជើង-អាមេរិកមិនផ្អែកលើលទ្ធភាពឡើយ តែខ្ញុំគិតថា ការជួបគ្នានោះត្រូវតែមាន។ ខ្ញុំយល់ទៀតថា កូរ៉េខាងជើងនឹងមិនបោះបង់ឱកាសសម្រាប់ការចរចាជាមួយលោកត្រាំឡើយ។”
ការលើកឡើងបែបនេះកើតមានក្រោយពីលោកដូណាល់ត្រាំលើកជាថ្មីពីអត្ថប្រយោជន៍នៃការជួបគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង ពេលមានការជួបគ្នារបស់លោកជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក គីម មីនស៊ុក នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ មីនាកន្លងទៅ។

ពេលនោះលោកត្រាំលើកឡើងថា ការជួបគ្នាជាមួយលោកគីម ជុងអ៊ុនពិតជារឿងដ៏ល្អមួយ។ លោកត្រាំមានគម្រោងទៅកាន់ប្រទេសចិននាចុងខែមីនានេះដល់ដើមខែមេសា សម្រាប់ការជួបគ្នាកំពូលមួយជាមួយមេដឹកនាំចិនលោក ស៊ីជីនពីង។
មានពាក្យចចាមអារ៉ាមនានាពីលទ្ធភាពដែលលោកត្រាំស្វែងរកឲ្យមានការជួបគ្នាកំពូលមួយជាមួយលោកគីមជុងអ៊ុននាឱកាសទស្សនកិច្ចផ្លូវការនោះ។
