អ៉ីរ៉ង់វាយប្រហារទីតាំងប្រេងកាតអេមីរ៉ាត់អារ៉ាប់រួម ដោយប្រើដ្រូន និងមីស៊ីលជាង ១,៩០០ គ្រឿង

អ៉ីរ៉ង់វាយប្រហារទីតាំងប្រេងកាតអេមីរ៉ាត់អារ៉ាប់រួម ដោយប្រើដ្រូន និងមីស៊ីលជាង ១,៩០០ គ្រឿង

អ៉ីរ៉ង់បានបង្ហោះដ្រូន និងមីស៊ីលជាង ១,៩០០ គ្រឿងវាយប្រហារទីតាំងប្រេងកាតរបស់អេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៦ មីនា កន្លងមក។ ការវាយប្រហារនេះធ្វើឡើងលើទីតាំងប្រេងកាតជាច្រើនកន្លែងនៅតំបន់ឈូងសមុទ្រពែរ្ស៍។

ទីតាំងប្រេងកាត

នៅអេមីរ៉ាត់អារ៉ាប់រួម អគ្គិភ័យបានកើតឡើងនៅតំបន់ចម្ការប្រេង SHAH ដែលស្ថិតនៅចម្ងាយប្រមាណ ២៣០ គីឡូម៉ែត្រ ខាងត្បូងក្រុងអាប៊ូដាប៊ី។ អាជ្ញាធរប្រទេសនោះបានអះអាងថា ការវាយប្រហារនោះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ទីតាំងប្រេង FUJAIRAH ដែលមានសមត្ថភាពផលិតកម្មប្រេងឆៅប្រមាណជា ៧០.០០០ ធុងក្នុងមួយថ្ងៃ ក៏ជាគោលដៅមួយក្នុងការវាយប្រហារនេះដែរ។ អាជ្ញាធរមិនបានផ្ដល់ភាពលម្អិតពីទំហំនៃការខូចខាតដោយសារការឆេះនោះឡើយ។

ការវាយប្រហារ

យោងតាមក្រសួងការពារប្រទេសអេមីរ៉ាត់អារ៉ាប់រួមថា តាំងពីចាប់ផ្ដើមសង្គ្រាមមក អ៉ីរ៉ង់បានវាយប្រហារដោយមីស៊ីល និងដ្រូនដល់ជាង ១,៩០០ គ្រឿងលើអេមីរ៉ាត់អារ៉ាប់រួម នាំឲ្យមានភាពច្របូកច្របល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។

មួយផ្នែកនៃការវាយប្រហារនោះត្រូវបានស្តាក់កម្ទេចដោយកងទ័ពបារាំង ដែលប្រទេសទាំង២មានកិច្ចព្រមព្រៀងខាងកិច្ចការពារ។

នៅអ៉ីរ៉ាក់ ចម្ការប្រេងកាតមួយកន្លែងទៀតក៏រងការវាយប្រហារដែរ កាលពីយប់ថ្ងៃទី១៦ មីនា។ ចម្ការប្រេង MAJNOON នេះស្ថិតក្នុងខេត្តបាស្រា ធ្លាប់រងការវាយប្រហារម្ដងរួចមកហើយ កាលពីថ្ងៃទី១៣ មីនា ដោយដ្រូន២គ្រឿង។

តាមអ្នកនាំពាក្យក្រសួងប្រេងអ៉ីរ៉ាក់លោកសាហ៊ីបបាហ្សូន ការវាយប្រហារនេះមិនបណ្ដាលមានខូចខាតអ្វីឡើយនៅទីតាំងប្រេងនោះ។ ទីតាំងប្រេងនេះជាទីតាំងប្រេងសំខាន់មួយក្នុងចំណោមទីតាំងប្រេងសំខាន់ៗនៅភាគខាងត្បូងអ៉ីរ៉ាក់។

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles