ខេត្តព្រះសីហនុ៖ ក្រសួងបរិស្ថានបានចាត់វិធានការបញ្ឈប់ជាបន្ទាន់ការដុតចម្រាញ់មាសលើទីវាល បន្ទាប់ពីទទួលបានការរាយការណ៍ពីអ្នកសារព័ត៌មានអំពីការបំពុលខ្យល់សាធារណៈ។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មន្រ្តីជំនាញមន្ទីរបរិស្ថានខេត្តព្រះសីហនុបានកោះហៅម្ចាស់អាជីវកម្មគ្រឿងអលង្ការទិញលក់មាស យីហោនាគមាសសៀងហ៊ល ដើម្បីចាត់វិធានការបញ្ឈប់ការដុតចម្រាញ់មាសនៅលើទីវាល។

មន្រ្តីជំនាញបានពន្យល់ថា ការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈដែរ។ តំណាងក្រុមហ៊ុនបានធ្វើកិច្ចសន្យា និងទទួលយកវិធានការដើម្បីទប់ស្កាត់ការបំពុលខ្យល់។

ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទីវាល និងសំណូមពរឱ្យសាធារណជនចូលរួមក្នុងសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ។

ក្រសួងក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសឱ្យបញ្ឈប់ការដុតសំណល់ឧស្សាហកម្មនៅក្នុងឡដែលគ្មានប្រព័ន្ធសម្អាតត្រឹមត្រូវ។

វិធានការនេះគឺដើម្បីកាត់បន្ថយការកើនឡើងភាគល្អិតនិចល និងការបំពុលខ្យល់សាធារណៈដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្រុមជាងដែលអនុវត្តការងារនេះផ្ទាល់។
